ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងដែនដី លើកទឹកចិត្ត ឱ្យអ្នកសាងសង់ គួរងៀកមកប្រើប្រាប់សម្ភារៈ ឬឧបករណ៍មានស្រាប់ ក្នុងស្រុក ជៀសជាងនាំចូល ពីខាងក្រៅ

ភ្នំពេញ ៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ បានធ្វើការណែនាំ ដោយលើកទឹកចិត្តទៅដល់អ្នកសាងសង់ មិនថាមិនមែនជាសមាជិក ឬជាសមាជិកនៃសមាគមអ្នកសាង សង់កម្ពុជាក្តី ត្រូវគិតគូរឱ្យច្បាស់អំពីតម្រូវការ របស់ខ្លួន ក្នុងការសាងសង់អ្វីមួយ គប្បីកំណត់ពីអ្វីជាតម្រូវការ និងមិនតម្រូវការ ហើយគួរងៀកមកប្រើប្រាស់ សម្ភារៈ ឧបករណ៍គ្រឿងបង្គំសំណង់មួយចំនួន ដែលមានស្រាប់ក្នុងស្រុក ជៀសជាងនាំចូល ពីខាងក្រៅច្រើនហួសតម្រូវការ ។

ការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីសន្និបាតបូកសរុបការងារ លើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ២០២៤ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងលោកឧកញ៉ា ឆារស៍ វ៉ាន់ សមាជិកគណៈកម្មការ ប្រតិបត្តិផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ មានប្រសាសន៍ថា “យើងត្រូវធ្វើការជាមួយគ្នា និងពិនិត្យថា តើគ្រឿងបង្គំនាំចូលពីក្រៅ គួរកំណត់បែបណាថាទាំងអស់គ្នា ថាយកប៉ុណ្ណាចូល ប៉ុណ្ណាមិនយកចូល ព្រោះគ្រឿងខ្លះ យកមកអាចទៅជាសំរាមប្រើបានតែបន្តិចខូច ត្រូវយកបោះចោល អានឹងគិតមិច? ។ ជួនកាលរបស់ថោកៗ របស់ច្រើនយកចូលវាស្រួល ក៏ប៉ុន្តែដល់ពេលវាគរជាសំរាម វាពិបាកដោះស្រាយវិញ” ។

ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “តើយើងគួរលើកតម្កើនរបៀបមិច គ្រឿងបង្គំសំណង់ដែលមាននៅស្រុកយើងស្រាប់ នៅក្នុងស្រុកខ្មែរយើង ដូចឬស្សី គ្រាក់ លើកទឹកចិត្តរបៀបមិច ដូចនៅហុងកុង ជន្ទារ គាត់អត់ប្រើដែកទេ ​គាត់ប្រើឬស្សី វាមាំហើយទន់វាត្រូវជាមួយគាត់ជាង មិនមែនបានសេចក្តីថា ប្រទេសជឿនលឿនគាត់ប្រើរបស់ទំនើបទេណា ជួនកាលគាត់ប្រើរបស់ដែលមានស្រាប់ វាត្រូវនឹងស្ថានភាពនឹងជាង” ។

ក្នុងន័យនេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ ចង់លើកទឹកចិត្តដល់អ្នក​ ប្រកបអាជីពសាងសង់សំណង់នានានៅកម្ពុជា គួរកាត់បន្ថយការប្រើប្រាស់សម្ភារៈ និងឧបករណ៍នាំចូលពីខាងក្រៅច្រើនហួសកំណត់ ហើយគួរងៀកមកប្រើប្រាស់ឧបករណ៍មួយចំនួន ដែលអាចជំនួសការនាំចូលបាន ដូចជាឬស្សីដែលអាចប្រើជំនួសជន្ទារដែកជាដើម ។

ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសរំលេចថា “រាជធានីភ្នំពេញ គឺជាប៉ូលមួយក្នុងចំណោមប៉ូលអាទិភាពទាំងបួន ដែលបានដើរតួនាទីយ៉ាងសំខាន់ និងជាមជ្ឈមណ្ឌលប្រមូលផ្តុំ លើគ្រប់វិស័យ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ការទូត និងទេសចរណ៍។ នាពេលបច្ចុប្បន្ន ស្ថានភាពគ្រប់គ្រង រដ្ឋបាលដែនដីរាជធានីភ្នំពេញ ចែកចេញជា ១៤ ខណ្ឌ, ១០៥ សង្កាត់, ៩៥៣ ភូមិ និងមានផ្ទៃក្រឡាសរុបទំហំ ៦៩៥,២១៨ គីឡូម៉ែត្រក្រឡា ដោយមានប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ២.២៨១.៩៥១នាក់ និងមានប្រជាជនស្នាក់នៅ បម្រើការងារប្រមាណជា ១លាននាក់ផ្សេងទៀត ក្នុងអត្រាកំណើន ២,១% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.២៨២នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា”។

បន្ថែមលើនេះ លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា “ចំពោះវិស័យសំណង់ក្នុងរាជធានីភ្នំពេញ មានការរីកចម្រើនយ៉ាងខ្លាំង ដែលបានបង្ហាញឱ្យឃើញតាមរយៈវត្តមាន ទីក្រុងរណប អគារ ពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ និងខុនដូប្រណីតៗ ត្រូវបាន សាងសង់ឡើងជាបន្តបន្ទាប់ ដែលជារួម នៅរាជធានីភ្នំពេញ មាន សំណង់បុរី-បណ្ដុំផ្ទះល្វែងចំនួន ៤៤៨ កន្លែង និងអគារខ្ពស់ៗចំនួន ១.៨៤៩ អគារ ក្នុងនោះ៖ អគារកម្ពស់ពី ៥ ជាន់ ទៅ ៩ ជាន់ មានចំនួន ១.០៨៨ អគារ, អគារកម្ពស់ពី ១០ ជាន់ ទៅ ១៩ ជាន់ មានចំនួន ៤៩១ អគារ, អគារកម្ពស់ពី ២០ ជាន់ ទៅ ២៩ ជាន់ មានចំនួន ១៤៤ អគារ, អគារកម្ពស់ពី ៣០ ជាន់ ទៅ ៣៩ ជាន់ មានចំនួន ៧៦ អគារ និងអគារកម្ពស់ពី ៤០ជាន់ឡើងទៅ មានចំនួន ៥០ អគារ”។

ជាមួយគ្នានេះ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា “ឆ្នាំនេះជាឆ្នាំទី១៤ហើយ ​ដែលសមាគមអ្នកសាងសង់កម្ពុជា បានរៀបចំសន្និបាតបូកសរុបការងារ​ប្រចាំឆ្នាំ រ​បស់សមាគម ហើយក៏ជាលើកទី១២ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ។​ គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីផ្តល់ឱកាស ឱ្យក្រុមហ៊ុនទាំងក្នុងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រសំណង់នីមួយៗ អាចចូលរួមដាក់តាំងបង្ហាញ ផលិតផលរបស់ខ្លួនជាងរៀងរាល់ឆ្នាំ និងអាចធ្វើការផ្គត់ផ្គង់ ទៅតាមតម្រូវការទីផ្សារ ខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឱ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងកច្រ បានជួបនិងស្វែងយល់គ្នាដោយផ្ទាល់ ថែមទាំងអាចជំរុញឱ្យមានការសហការគ្នា ជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌទូទាត់ពិសេសៗ ពីដៃគូរអាជីវកម្ម” ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ សមាជិកគណៈកម្មការប្រតិបត្តិ និងជាប្រធានស្តីទីនៃសមាគមអ្នកសាងសង់កម្ពុជា បានសំណូមពរ ទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យបន្តជួយរកដំណោះស្រាយ លើបញ្ហាសំណង់ដែលជាប់គាំង និងស្នើសុំលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជួយបន្តគាំទ្រ និងចេញជាប្រកាស ឬសេចក្តីណែនាំ ដល់ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោង​ប្លង់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យមកធ្វើការចុះបញ្ជីនៅសមាគម ដើម្បីឱ្យសមាគម មានសមាជិកបន្ថែម ធ្វើជាដៃគូក្នុងការប្រជុំពិភាក្សា និងចូលរួមផ្តល់មតិយោបល់ ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសសំណង់ផងដែរ ។

គួរបញ្ជាក់ថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិឆ្នាំនេះ មានក្រុមហ៊ុនចូលរួមចំនួន ១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ស្តង់ និងមានសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពីណ្តាប្រទេសជាច្រើនសរុបប្រមាណជាង៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាំង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណងមកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍នេះ៕

To Top