ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខ បានស្នើសុំមកកាន់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អាចមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប.ស.ស ។
ការស្នើរបែបនេះរបស់ប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ខណ្ឌសែនសុខ នៅពិភពថ្មីសែនសុខ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ។
ក្នុងវេទិកាខាងលើនេះ តំណាងប្រជាពលរដ្ឋ បានលើកឡើងថា ឥឡូវអ្នកមានអាយុចាប់ពី៦០ឆ្នាំឡើងច្រើននាក់ណាស់ ចង់ធ្វើប័ណ្ណ ប.ស.ស ខណៈដែលពួកគាត់មិនអាចធ្វើបាន ដូច្នេះសូមរដ្ឋបាលរាជធានីភ្នំពេញជួយអន្តរាគមន៍។
ជាមួយគ្នានេះ ពលរដ្ឋក៏បានស្នើសុំឱ្យកងកម្លាំង និងអាជ្ញាធរចាត់វិធានការចំពោះក្រុមយុវជនជក់បារីអេឡិចត្រូនិក ដែលការជក់នេះ ធ្វើអោយប៉ះពាល់សុខភាពហើយក៏ស្នើសុំរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវសាធារណៈនៅផ្សារដើមអម្ពិល ដែលបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ ព្រមតាំងស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និងសុំការជួសជុលនិងសម្រួលធ្វើផ្លូវ ធ្វើលូផងដែរ។
ឆ្លើយតបនឹងសំណើរប្រជាពលរដ្ឋ លោក សុខ ពេញវុធ គូសបញ្ជាក់ថា ចំពោះសំណើរ និងសំណូមពរផ្ទាល់មាត់ បានធ្វើការដោះស្រាយភ្លាមៗ ។
លោកអភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ថា “ការស្នើរបស់ប្រជាពលរដ្ឋខាងលើ ក្នុងនាមអាជ្ញាធរយើងនឹងធ្វើការដោះស្រាយ ដោយឱ្យអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យ និងវាយតំលៃ ដើម្បីឆ្លើយតប ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញ ធ្វើបានយើងធ្វើភ្លាម។ តែបើហូសពីសមត្ថភាពយើង ក៏មិនទុកចោលដែរ គឺសុំគោលការទៅថ្នាក់លើបន្តទៀត ជាក់ស្តែងដូចជាការស្នើសុំ ពីសំណាក់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ឱ្យមានសិទ្ធិក្នុងការធ្វើប័ណ្ណ ប.ស.ស រដ្ឋបាលរាជធានីភ្នំពេញ សុំគោលការទៅថ្នាក់ជាតិបន្តទៀត”។
ក្នុងឱកាសនោះលោក ជួប ខុន បានរំលឹកថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋលើបញ្ហាចំនួន៤ ដែលមានដូចជា៖ទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ ។
សូមបញ្ជាក់ថា ចំពោះវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌសែនសុខ នាព្រឹកនេះ មានប្រជាពលរដ្ឋចំនួន១០នាក់ បានលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ និងជាលាយលក្ខណ៍អក្សរចំនួន៨២ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ៕