ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការដាក់បញ្ជូល «ក្រមាខ្មែរ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌ របស់អង្គការយូណេស្កូ នឹងរួមចំណែកផ្សព្វផ្សាយលើកស្ទួយវប្បធម៌ខ្មែរ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ការដាក់បញ្ចូល «ក្រមាខ្មែរ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នឹងដើរតួនាទីជាចលករយ៉ាងសំខាន់ រួមចំណែកផ្សព្វផ្សាយលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ។

តាមរយៈសារអបអរសាទររបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសម្តែងអំណរសាទរប្រកបដោយមនោសញ្ចេតនារំភើបរីករាយក្រៃលែង ក្នុងឱកាស «ក្រមាខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង នៃសាធារណរដ្ឋប៉ារ៉ាហ្គាយ។

លោកឧបនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំបាទជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលគួរឱ្យស្ញប់ស្ញែងនេះ នឹងដើរតួនាទីជាចលករយ៉ាងសំខាន់រួម ចំណែកផ្សព្វផ្សាយលើកស្ទួយវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងកិត្យានុភាពរបស់ព្រះរាជាណាចក្រ កម្ពុជា កាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ»។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសម្តែងនូវការគោរពកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានពុះពារនាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជាតិមាតុភូមិ ក្រោមមាគ៌ា នយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ជាប្រមុខដ៏ឈ្លាសវៃ និងប៉ិនប្រសប់៕

To Top