ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥

ភ្នំពេញ​៖ ព្រឹទ្ធសភានីតិកាលទី៥ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៥។ ការឯកភាពនេះ ធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី២ នៃព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណង ដើម្បីផ្តល់ដល់រាជរដ្ឋាភិបាល នូវឧបករណ៍ច្បាប់ ដើម្បីអនុវត្តយ៉ាងពេញលេញនូវកម្មវិធីអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សេចក្តីព្រាងច្បាប់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការ គ្រប់គ្រងចំណូល ចំណាយជាតិ កម្រិតពិតាននៃឱនភាពថវិកាជាតិ ការគ្រប់គ្រងក្របខ័ណ្ឌម៉ាក្រូ ហិរញ្ញវត្ថុ ពិតាននៃការខ្ចីនិងបំណុលសាធារណៈ គ្រប់គ្រងចំណាយចរន្ត និងចំណាយមូលធន ការវិភាជថវិកាទៅថ្នាក់ក្រសួង ស្ថាប័នជាតិ និងទៅស្ថាប័នថ្នាក់ក្រោមជាតិ។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ អាចត្រូវបានប្រសិទ្ធនាម ថាជា «ថវិកានៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយឆន្ទៈមោះមុត និងការប្តូរផ្តាច់ក្នុងការ ឆ្លងកាត់ និងជម្នះលើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមម្លប់ នៃសុខសន្តិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយភាពធន់ បរិយាបន្ន និងមានចីរភាព ព្រមទាំងបែងចែកផលនៃកំណើននេះ ប្រកបដោយសមធម៌ » សម្រាប់នាំប្រទេសឆ្ពោះទៅកាន់គោលដៅ ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៦ជំពូក និង១៥មាត្រា ត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

To Top