ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) បានចែករំលែកឧត្តមានុវត្តន៍ និងបទពិសោធរបស់កម្ពុជា អំពីដំណើរនៃការធ្វើបរិវត្តកម្មឌីជីថល ពិសេសការធ្វើអភិបាលកិច្ច និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកសាងសមត្ថភាពលើជំនាញឌីជីថលនៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នៅថ្ងៃទី៦ ធ្នូ នេះ ថា ក.ប.ទ បានផ្ដល់ការគាំទ្រក្នុងការរៀបចំសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ ក្រោមប្រធានបទ «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍» ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍសមត្ថភាពរយៈពេលបីឆ្នាំ (២០២៤-២០២៦) នៃមជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana Kazakhstan និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់មន្រ្តីសាធារណៈ ដើម្បីគាំទ្រដល់ការធ្វើអភិបាលកិច្ចឌីជីថលនិងបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសចូលរួមទាំង១២ មកពីបីតំបន់ រួមមាន ១.តំបន់កូកាស (Armenia, Azerbaijan, និង Georgia), ២.តំបន់អាស៊ីកណ្តាល (Kazakhstan, Kyrgyzstan, Tajikistan, និង Uzbekistan), ៣.តំបន់អាស៊ីប៉ាស៊ីហ្វិក (បង់ក្លាដេស, កម្ពុជា, ឡាវ, ម៉ុងហ្គោលី, និងហ្វីលីពីន)។
សិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់ បានរៀបចំឡើងក្រោមប្រធានបទ «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសាធារណៈ៖ គោលនយោបាយ និងឧត្តមានុវត្តន៍» ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមការសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មជ្ឈមណ្ឌលមុខងារសាធារណៈប្រចាំទីក្រុង Astana នៃប្រទេស Kazakhstan ក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) ទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានការចូលរួមពីតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជាន់ខ្ពស់ពីសាធារណរដ្ឋកូរ៉េ ប្រទេសចូលរួមទាំង១២ និងដៃគូអភិវឌ្ឍ សរុបប្រមាណ ៦០រូប។
ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ ក.ប.ទ. បានផ្ដល់ការគាំទ្រនិងសម្របសម្រួលក្នុងការរៀបចំសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពថ្នាក់តំបន់លើកទី២ នេះ ហើយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ក៏បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះផងដែរ។
សិក្ខាសាលាថ្នាក់តំបន់នេះបានផ្តល់ជាវេទិកាឱ្យមន្រ្តីជាន់ខ្ពស់ និងអ្នកចូលរួមធ្វើការសិក្សាស្វែងយល់បន្ថែមពីចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដោយការទទួលខុសត្រូវ និងជាយុទ្ធសាស្រ្តសម្រាប់ជំរុញការធ្វើបរិវត្តកម្មលើតួនាទីរបស់រដ្ឋាភិបាល ការរៀបចំនិងការអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងសិក្ខាសាលានេះ អ្នកជំនាញមកពីក្រសួងមហាផ្ទៃនិងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ (MOIS) និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA) បានធ្វើការចែករំលែកចំណែះដឹង ជំនាញ និងឧត្តមានុវត្តន៍ថ្មីៗទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈនៅក្នុងប្រទេសកូរ៉េ។
បន្ថែមពីលើនេះ អ្នកជំនាញពីធនាគារពិភពលោក (WB) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ក៏បានចែករំលែកពីចំណេះដឹងនិងបទពិសោធដែលអនុញ្ញាតឱ្យអ្នកចូលរួមទទួលបាននូវការយល់ដឹងបន្ថែមក្នុងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក្នុងការរៀបចំនិងដំណើរការនៃការអនុវត្តគោលនយោបាយ ព្រមទាំងដំណើរការនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។