ភ្នំពេញ៖ លោកបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការ ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) បានកត់សម្គាល់ថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹង និង ពង្រីក នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ។
នេះជាលេីកឡេីងរបស់លោកប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដល់ការគាំទ្រដល់អង្គការ RISEAP ក្នុងការរៀបចំសន្និបាតលើកទី ២០ របស់ខ្លួន នៅរាជធានីភ្នំពេញ នាឱកាសនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងបំផុត។
លោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសាវតាររបស់អង្គការ RISEAP ដែលត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៨០ ដោយនាយករដ្ឋមន្ត្រីទីមួយរបស់ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងលើកកម្ពស់ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក រវាងសាសនានិងសាសនា ព្រមទាំងការចូលរួមចំណែកក្នុងការ បង្កើតសង្គមមួយប្រកបដោយសុខសន្តិភាព និងសុខដុមនីយកម្ម។
លោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ក៏បានកត់សម្គាល់បន្ថែមថា កម្ពុជា គឺជាប្រទេសមួយដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹង និង ពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា ដែលរដ្ឋ Sarawak អាចដើរតួនាទី នៅក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះ អង្គការ RISEAP ដែលបានរៀបចំសន្និបាតលើកទី២០ របស់ខ្លួននៅកម្ពុជា។ ការណ៍នេះបានចូលរួមចំណែក នៅក្នុងការផ្សព្វផ្សាយអំពីស្ថានភាពពិតរបស់កម្ពុជា ទៅកាន់ពិភពលោក ថា កម្ពុជាគឺជាប្រទេសដែលមាននូវសន្តិភាព និងសុវត្ថិភាព។
សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា តាមរយៈសន្តិភាព និងស្ថិរភាពនេះ បានផ្ដល់ឱកាសដល់ការកសាង បាននូវសុខដុមនីយកម្មសាសនា នៅក្នុងសង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ក្នុងការផ្ដល់ តម្លៃ និងសិទ្ធិសេរីភាពពេញលេញ នៅក្នុងការគោរព និងការប្រណិប័តន៍ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហគមន៍សាសនាទាំងអស់ រួមទាំងសហគមន៍សាសនាឥស្លាមដែលគាំទ្រ ទៅដល់សុខដុមនីយកម្មសាសនានៅកម្ពុជា។
សម្ដេចបវរធិបតី ក៏បានឯកភាពជាមួយនឹង លោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ផងដែរថា កម្ពុជា-ម៉ាឡេស៊ី នៅមានកាលានុវត្តភាពជាច្រើនបន្ថែមទៀត នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ។
សម្ដេចធិបតី និងលោកប្រមុខរដ្ឋបាលនៃរដ្ឋ Sarawak ប្រទេស ម៉ាឡេស៊ី ក៏បានពិភាក្សាគ្នាអំពីការបន្តជំរុញ, ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសរវាងកម្ពុជា និងរដ្ឋ Sarawak លើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ វិស័យអប់រំ, ទេសចរណ៍, ថាមពលកកេីតឡេីងវិញ និងលទ្ធភាព នៃការភ្ជាប់ការហោះហើរត្រង់ពីរដ្ឋ Sarawak មកកាន់កម្ពុជា ព្រមទាំង ការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ ៕