កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋដែលយកឯកសារពាក់ព័ន្ធនិងអត្រានុកូលដ្ឋានទៅតុលាការដើម្បីកែសម្រួល លែងយឺតយ៉ាវទៀតហើយ ក្នុងករណីមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីណាមួយ ពលរដ្ឋអាចយកឯកសារទាំងនោះមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឱ្យរដ្ឋបាលខេត្តដាក់ជូនដោយផ្ទាល់ទៅកាន់សាលាដំបូង ហើយរាល់ការងារកែសម្រួលនេះមិនចំណាយថវិកាទេ។ការណ៍នេះ ធ្វើឡើងក្នុងឱកាសបិទសន្និបាទបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរពីការយឺតយ៉ាវនៃដំណើរការកែសម្រួលទិន្នន័យឯកសារអត្រានុកូលដ្ឋាននៅសាលាដំបូងខេត្ត ហើយខ្លះក៏បានរអ៊ូរទាំពីការទារប្រាក់ជាថ្នូរនិងការកែសម្រួលនេះដែរ ដោយខ្លះចំណាយអស់ច្រើនទើបមន្ត្រីតុលាការពន្លឿន ក្នុងការកែសម្រួលនិងចេញឱ្យមកពលរដ្ឋយកទៅប្រើប្រាស់។ ដោយមើលឃើញពីចំនុចអសកម្មរបស់មន្ត្រីតុលាការ ពិសេសចៅក្រមដែលទទួលបន្ទុកលើការងារនេះ ទើបលោកបានសុំកិច្ចអន្តរាគមន៍ទៅប្រធានសាលាដំបូងខេត្តលោក ឡុង កេសភីរម្យ ឱ្យជួយសម្របសម្រួល។
អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងបន្ថែមដោយបញ្ជាក់ថា ជុំវិញការកែសម្រួលឯកសារអត្រានុកូលដ្ឋាននិងឯកសារផ្សេងៗនៅតុលាការលែងជាក្តីបារម្ភទៀតហើយ គឺបងប្អូនដែលបានយកឯកសារទៅកែនិងទទួលបានលឿនមិនយឺតយ៉ាវដូចមុនទេ ព្រោះតុលាការបានចាត់មន្ត្រីទទួលបន្ទុកលើការងារនេះរួចហើយដើម្បីឆ្លើយតបទៅរាល់សំនូមពរនិងការកែតម្រូវរបស់បងប្អូន។
ជាមួយនេះ លោក ជាម ចន្ទ័សោភ័ណ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីដែលតុលាការយឺតយ៉ាវឬទាមទារផលប្រយោជន៍ក្នុងការកែតម្រូវនេះ បងប្អូនប្រជាពលរដ្ឋអាចទំនាក់ទំនងឬរាយការណ៍មកអាជ្ញាធរខេត្តឬលោកផ្ទាល់ក៏បាន ដើម្បីឱ្យរដ្ឋបាលខេត្តឬអភិបាលខេត្តអន្តរាគមន៍លើករណីនេះ មួយវិញទៀតពលរដ្ឋអាចយកឯកសារដែលចង់កែតម្រូវមករដ្ឋបាលខេត្តឬអភិបាលខេត្ត ដើម្បីរដ្ឋបាលខេត្តឬអភិបាលខេត្តបញ្ជូនដោយផ្ទាល់ទៅតុលាការសុំឱ្យមានការកែសម្រួល ហើយរាល់ការយកឯកសារមករដ្ឋបាលខេត្តដើម្បីសុំកែសម្រួលនេះមិនត្រូវបានចំណាយថវិកានោះទេ៕
ដោយ៖ សុខ សុភ័ណ្ឌ /រូបថតមន្ទីរព័ត៌មាន