ភ្នំពេញ ៖ បណ្តាក្រុមសហជីពធំៗនៅកម្ពុជា បានលើកឡើងថា ការចូលរួមផ្ទាល់របស់លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ដែលរៀបចំឡើងដោយសហជីព ជាសក្ខីភាពបង្ហាញ ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិបងប្អូនកម្មករនិយោជិត និងរក្សាឱ្យបាន នូវសុដុមនីយកម្មនៅក្នុង ទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រឧស្សាហកម្មនៅកម្ពុជា។
ការលើកឡើង របស់បណ្តា ក្រុមសហជីពបែបនេះ គឺនៅក្នុងអំឡុងពេលដែលបណ្តា ក្រុមសហជីពប្រារព្វ ទិវាសិទ្ធិមនុស្ស អន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” ត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពី តំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ “សិទ្ធិសេរីភាព សហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” របស់សហភាពការងារ កម្ពុជានៅឆ្នាំនេះក្នុងគោលបំណងបន្តពិនិត្យ មើលការអនុវត្តន៍ការផ្តល់អត្ថប្រយោជន៍ និងការគិតគូរ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូន កម្មករនិយោជិត និងលើកយកសំណើរ របស់បងប្អូនកម្មករនិយោជិត ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។
ជុំវិញការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះដែរ ប្រធានសហភាពការងារ កម្ពុជារូបនេះបានគូសបញ្ជាក់ថា វត្តមានរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្ស អន្តរជាតិក្នុងឆ្នាំនេះ គឺជាសក្ខីភាពមួយ ដ៏មានសារសំខាន់បង្ហាញឱ្យឃើញពីការប្តេជ្ញារចិត្ត និងការយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខបងប្អូនកម្មករនិយោជិត។
លោក គង់ អាទិត្យ ក៏បានចាប់អារម្មណ៍ ចំពោះការលើកឡើងរបស់ លោក ហេង សួរ ផងដែរលើចំនុចមួយ ចំនួនដូចជាការពង្រឹងកិច្ចគាំពារ សង្គមតាមរយៈយន្តការបេឡាជាតិសន្តិសុខសង្គម, លើកកម្ពស់សិទ្ធិសេរីភាព កម្មករនិយោជិត, ការដាក់ចេញយន្តការពាំនាំ សំឡេងកម្មករទៅដល់រាជរដ្ឋាភិបាល, និងជាពិសេសគឺការដោះ ស្រាយបញ្ហារួមមួយ ដោយជំហានៗ និងដោយសន្តិវិធី។ ចំណុចទាំងនេះសុទ្ធសឹងតែជា តម្រូវការចាំបាច់បំផុត របស់បងប្អូនកម្មករនិយោជិត ហើយនេះបង្ហាញពីការរក្សាឱ្យ បាននូវសុដុមនីយកម្មនៅ ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ពីសំណាក់រាជរដ្ឋាភិបាល។
ដោយឡែក លោក អាត់ ធន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា (C-CAWDU) បានគូសបញ្ជាក់ថា ការចូលរួមរបស់រាជរដ្ឋាភិបាលដែលមាន លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាវត្តមានមួយដ៏មានសារសំខាន់ណាស់សម្រាប់ផ្សារភ្ជាប់រវាងភាគីរាជរដ្ឋាភិបាល និយោជក សង្គមស៊ីវិល ដើម្បីធ្វើការដោះស្រាយរួមគ្នា ដែលទាំងនេះគឺជាយន្តការ មួយមានសារសំខាន់ណាស់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោក អាត់ ធន់ បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ លើការលើកឡើងរបស់លោក ហេង សួរ ដែលបញ្ជាក់ពីការចេះ ដាក់បញ្ហានៅលើតុដើម្បីពិភាក្សាគ្នាដោយស្មោះត្រង់ ដោយចំពោះ ពុំមានការវាយប្រហារគ្នា ពីក្រោយខ្នងដែលធ្វើឱ្យបាត់ បង់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត៕