ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង

ភ្នំពេញ ៖ តាមរយៈវីដេអូ ប្រមាណ ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពី កម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។

លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការ បង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេង ល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារ ពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាង ចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ( ៥០.០០០រៀល)ដល់ប្រាំសែនរៀល ( ៥០០.០០០.រៀល)និងដាក់ពន្ធនាគារ ពីមួយខែដល់មួយឆ្នាំ។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះអ្នកបើកល្បែង អ្នកកាន់ កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារ ល្បែងខុសច្បាប់ ក៏មិនខុស ពីអ្នកលេង ល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារ ខាងលើនេះ ជាអតិបរិមា។

អ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញ ដែលមានក្មេងៗ ចូលរួមជាអនីតិជនម្នាក់ ឬច្រើននាក់ក៏ដោយ គឺតុលាការដាក់នឹងដាក់ទោសទៅ តាមស្ថានទម្ងន់ទោស ដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែងមាន អនិតិជនម្នាក់ឬច្រើននាក់ នៅជាមួយផលទោស ដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា។

ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិត សម្រាប់បម្រើក្នុងល្បែង និងការនាំឧបករណ៍គ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំសែនរៀល (៥០០.០០០រៀល) ដល់ប្រាំលានរៀល (៥.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់និងដាក់ពន្ធនាគារជា អតិបរមានៃទោស។ ចំពោះប្រាក់ដែលរឹបអូសដូច ដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ខាងលើត្រូវបញ្ជូនទៅតុលាការ ដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ នេះបើតាមការអធិប្បាយរបស់លោកបណ្ឌិត។

ក្នុងន័យនេះ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាព ណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទីណាក៏ដោយជាដាច់ខាត ។ បើមន្រ្តីឬភ្នាក់ងាររាជការណា ដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែង ស៊ីសងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយឆ្នាំទៅប្រាំឆ្នាំ ។ ចំពោះជនដែលចេញមុខការពារវង់ល្បែង ឬបនល្បែងគ្រប់ប្រភេទនៅទីណា ក៏ដោយត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពីមួយ ឆ្នាំដល់ប្រាំឆ្នាំ។

បើនិយាយពីការផ្សព្វផ្សាយ ល្បែងខុសច្បាប់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នោះគឺជារឿង ដែលកាន់តែ ខុសច្បាប់ថែមទៀត និងផ្អែកតាមសារាចរណែនាំ របស់ក្រសួងមហាផ្ទៃ ចេញនាពេលថ្មីនេះ បានបញ្ជាក់ថា ការផលិតរូបភាព វីដេអូ និងមាតិកាដែលមានខ្លឹមសារទាក់ទងទៅ នឹងល្បែងស៊ីសងគ្រប់ប្រភេទ ទោះល្បែងស៊ីសង លេងដោយផ្ទាល់ឬតាមអនឡាញ។

ក្នុងនោះរាល់ការ ផ្សព្វផ្សាយ ឬចែករំលែកបន្ត ជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទមានន័យថា ជាការចូលរួមប្រព្រឹត្តល្មើស ករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។ សរុបជារួមការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់៕

To Top