ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើអារ៉ាប៊ីសាអូឌីត ជំរុញវិនិយោគិន ឱ្យមករៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើទៅភាគីអារ៉ាប៊ីសាអូឌីត ជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីត ឱ្យមកវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់ នៅកម្ពុជា សម្រាប់នាំចេញអង្ករមកប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសនានាក្នុងតំបន់។

ក្នុងជំនួបនេះ ជាមួយ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ បានលើកឡើង ថាប្រទេសទាំងពីរ កម្ពុជា-អារ៉ាប៊ីសាអូឌីត គួរចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុជានាំចេញអង្ករមកអារ៉ាប៊ីសាអូឌីត ដោយសារកម្ពុជាមានប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវ។

សម្តេចបាន បន្ថែមថាមិនមានប្រទេសច្រើន ផ្តល់ឱកាសឱ្យវិនិយោគដោយផ្ទាល់ដូចនេះទេ។ សម្តេចតេជោ បានលើកឡើងថា អារ៉ាប៊ីសាអូឌីត មានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង។ ប្រទេសយើងទាំងពីរអាចបំពេញបន្ថែមគ្នា ទៅវិញទៅមក។

សម្តេចតេជោ បានលើកឡើងបន្ថែមថា ប្រទេសយើងទាំងពីរ ជាប្រទេសប្រកាន់របបរាជាធិបតេយ្យ អាស្រ័យហេតុនេះ ត្រូវរឹងចំណងមេត្រីភាព។

សម្តេចតេជោ បានថ្លែងអំណរគុណ ព្រះមហាក្សត្រ អារ៉ាប៊ីសាអូឌីត ដែលព្រះអង្គ ទ្រង់បានព្រះរាជប្រទាន ដល់សាសនិកអ៊ីស្លាមកម្ពុជា ពី២០ទៅ១០០នាក់ បានចូលរួមបុណ្យហាជី (Hajj) ជារៀងរាល់ឆ្នាំ ហើយ បានសព្វព្រះរាជហប្ញទ័យផ្តល់អាហារូបករណ៍ ដល់យុវជនកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា នៅកម្ពុជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏ប៉ុន្តែយើងខ្ញុំមិនព្រងើយកន្តើយ នឹងសហគមមូស្លីមឡើយ ដែលទទួលបានការយកចិត្តទុដាក់ខ្ពស់ ជាពិសេសការបញ្ចូលទៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងទ័ព និង ថ្នាក់ក្រោមជាតិ។

សម្តេចបានបន្ថែមថា នៅកម្ពុជាមានការរៀបចំគណៈជាន់ខ្ពស់អ៊ីស្លាម ដែលមានឋានៈស្មើនឹង សម្តេចព្រះសង្ឃរាជ។ កម្ពុជា គឺជាប្រទេសគំរូ នៃការអនុវត្តគោលនយោបាយ សុខុដុមនីយកម្មសាសនា នៅអាស៊ីអាគ្នេយ៍ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត មានប្រជាប្រិយភាពកាន់តែខ្លាំងនៅក្នុងតំបន់ អាស្រ័យមានការប្រកួតកីឡាអន្តរជាតិ។

សម្តេច សូមជូនពរ អារ៉ាប៊ីសាអូឌីត ទទួលបានជោគជ័យនៅពេលធ្វើជាម្ចាស់ផ្ទះនៃ World Cup នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ៕

To Top