ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ អបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបានបង្កើតសាខាថ្មី នៅខេត្តពោធិ៍សាត់

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀ មីត្សូមី (Minebea Mitsumi) ដែលដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកនៃក្រុមហ៊ុន Minebea Mitsumi។

លោក ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីរបស់ខ្លួន គឺក្រុមហ៊ុន មីនេបៀ (ខេមបូឌា) សាខាពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ដែលជារោងចក្រផលិត ដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិក។ ក្នុងន័យនេះ លោកដ្ឋមន្ត្រីបានបញ្ជាក់ថាក្រសួងត្រៀម រួចជាស្រេចក្នុងការផ្គត់ផ្គង់ កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីនេះ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់ កម្មករនិយោជិតរបស់ក្រុមហ៊ុនផងដែរ។

លោករដ្ឋមន្ត្រី ចាត់ទុកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺជាគំរូអាជីវកម្មដ៏សំខាន់នៅកម្ពុជា ខណៈដែលការរីកចម្រើនរបស់ក្រុមហ៊ុន ក៏ជាការរីកចម្រើនរបស់កម្ពុជាដូចគ្នាដែរ។

ជាការឆ្លើយតប លោក Yoshihisa KAINUMA បានថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការគាំទ្រជាច្រើនសម្រាប់ប្រតិបត្តិការ របស់ក្រុមហ៊ុនជាបន្តបន្ទាប់ ជាពិសេសគម្រោងបង្កើតរោងចក្រថ្មី Minebea (Cambodia) នៅក្នុងខេត្តពោធិ៍សាត់ ដែលនឹងត្រូវចាប់ផ្តើមដំណើរការនាឆ្នាំ២០២៥ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុន Minebea Mitsumi នឹងបន្តធ្វើការជាមួយកម្ពុជាសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍរួមគ្នា៕

To Top