ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិលោក ឈុំ សុជាតិបានឲ្យដឹងថា នៅពាក់កណ្តាលខែធ្នូនេះ នឹងមាននាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកពង្រឹង ទំនាក់ទំនងកងទ័ពជើងទឹក រវាងប្រទេសទាំង២ ជាមួយគ្នាឡើងវិញ ក្រោយអាក់ខានកាលពីឆ្នាំ២០១៧។
លោក ឈុំ សុជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១០ ធ្នូថា ចាប់ពីថ្ងៃទី១៦-២០ ខែធ្នូ ឆ្នាំ២០២៤ នឹងមាននាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ “USS SAVANNAH” សំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពង្រឹងប្រក្រតីភាពឡើងវិញតែប៉ុណ្ណោះ។
ដោយការមកបំពេញទស្សនកិច្ច របស់នាវាអាមេរិកនេះ គ្មានគោលបំណងអ្វីផ្សេង ក្រៅតែពីការពង្រឹងទំនាក់ទំនងជាមួយឡើងវិញ ហើយក៏គ្មានរបៀបវារៈសមយុទ្ធ ជាមួយគ្នារវាងកងទ័ពទាំង២ប្រទេសនោះទេ។ នេះបើតាមលោក ឈុំ សុជាតិដដែល ។
លោកគូសបញ្ជាក់ថា “គ្រាន់តែមកជាការបំពេញទស្សនកិច្ច កំពង់ផែដើម្បីពង្រឹងនូវទំនាក់ទំនងកងទ័ពរវាងប្រទេសទាំង២ឡើងវិញ ការពង្រឹងសមត្ថភាពនិងការចែក រំលែកបទពិសោធន៍ រវាងកងទ័ពជើងទឹកប្រទេសទាំង២” ។
លោកបន្តថា ការចូលចតនាវាកងទ័ពជើងទឹកអាមេរិកនេះក្រោយពីមានការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក និងឧបការីរងរដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា ហើយក៏បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិខ្មែរនាពេលកន្លងមក។
ជាមួយគ្នានេះ លោកថា ចាប់ពីថ្ងៃ១២ដល់១៤ធ្នូ ក៏មាននាវារបស់កូរ៉េខាងត្បូង មកសំចត់នៅកំពង់ផែព្រះសីហនុ ក្នុងគោលបំណងដូចនាវាកងទ័ពជើងទឹកអាមេរិកដែរ។
សូមបញ្ជាក់ថា ការចូលចតរបស់នាវាកងទ័ពជើងទឹកអាមេរិក នៅកម្ពុជាពេលខាងមុខដែលជាលើកដំបូងក្រោយប្រទេសទាំង២ផ្អាកទំនាក់ទំនង និងសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិកកាលពីអំឡុងឆ្នាំ២០១៧នោះ ក៏ធ្វើឡើងបន្ទាប់ពីកម្ពុជា និងចិនបានរួមគ្នាធ្វើសមយុទ្ធនាគមាសលើកទី៦ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤កន្លងមកលើទឹកដីខេត្តកំពង់ស្ពឺ ៕