ព័ត៌មានជាតិ

ភូមិចំនួន៣០ភូមិ ដំបូងគេនៅកម្ពុជា ត្រូវបានប្រកាសទទួលស្គាល់ជា “ភូមិគំរូ”

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង , តំណាងក្រសួងស្ថាប័ន, អង្គការ ដៃគូអភិវឌ្ឍន៍, រដ្ឋបាលថ្នាក់ខេត្ត ស្រុក ជាពិសេស ប្រជាពលរដ្ឋដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) តំណាងភូមិគំរូ ទាំង៣០ សរុបចំនួន ៣០៤នាក់។

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនោះ លោករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងការអបអរសាទរចំពោះ ជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីត្រូវបាន វាយតម្លៃដោយគណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដំណើរការអភិវឌ្ឍន៍រហូតដល់សម្រេចបាន នូវសមិទ្ធផលទូទាំងប្រទេស និងជាពិសេសការរៀបចំពិធីដ៏មានអត្ថន័យថ្លៃថ្លានេះ ប្រព្រឹត្តឡើងបាន ដោយសារគុណនៃសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស និងស្ថិរភាពនយោបាយ ដែលកើតចេញពីពលីកម្ម យ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្ដ្រី និងការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭក និង ពរសព្ទសាធុការ ពីសំណាក់ សម្តេច ជាថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ជូនដល់អង្គពិធីទាំងមូល។

យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូសំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជន ក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាព នៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច។ តាមរយៈលទ្ធផល នៃការវាយតម្លៃរបស់គណៈកម្មការ បានសម្រេចទទួលស្គាល់ភូមិគំរូចំនួន ៣០ភូមិ ដែល ទទួលបានចំណាត់ថ្នាក់ដូចតទៅ៖ ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ, និង ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ដទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញ សកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទ ដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈ ការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។ ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបាន ចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹង តម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ក្នុងឱកាសដ៏វិសេសនោះលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ, មន្ដ្រីជំនាញ, (KOICA), ក្រុមជំនាញការទីប្រឹក្សាកូរ៉េ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តគម្រោងរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានប្រគល់ជូននូវវិញ្ញាបនបត្រ ទទួលស្គាល់ភូមិគំរូ និងពានជ័យលាភី ជូនដល់ភូមិគំរូទាំង៣០ភូមិ និងជូនលិខិតថ្លែងអំណរគុណ ជូនដល់លោកស្រីនាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ដែលបានផ្ដល់ការគាំទ្រជាហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធទាំង បន្ដគាំទ្រ និងចូលរួមជំរុញការអភិវឌ្ឍចលនាភូមិគំរូនេះ ដើម្បីជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលបានចែងថា ជំរុញការអភិវឌ្ឍចម្រុះ និងការអនុវត្ត “ចលនាភូមិមួយផលិតផលមួយ” និង “ចលនាភូមិគំរូ” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងអនុវត្តចលនាភូមិគំរូ ចំនួន ៣៤ ភូមិ ផ្សេងទៀត នៅក្នុងខេត្តកំពង់ស្ពឺ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍភូមិសន្តិភាព៕

To Top