ព័ត៌មានជាតិ

ក្រុមហ៊ុនខ្មែរ-អាមេរិកចំនួន២ ចាប់ដៃគ្នាវិនិយោគលើការ កែច្នៃនាំចេញកន្ទក់របស់កម្ពុជា ទៅទីផ្សារអាមេរិក

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃ នាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នាកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់ សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។

ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនឯកជនរបស់ សហរដ្ឋអាម៉េរិកមកកម្ពុជានាឱកាសនេះ បានបង្ហាញអំពីការបោះជំហានថ្មីយ៉ាងមោះមុតលើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គរបស់ ប្រទេសកម្ពុជាឱ្យស្របតាមស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ព្រមទាំងបទប្បញ្ញត្តិនានា ដើម្បីនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនពីរក៏បានរាយការណ៍ជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីផែនការ វិនិយោគរបស់ក្រុមហ៊ុនខ្លួននៅកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សានាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចសម្រួលវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានាចំពោះកិច្ចវិនិយោគ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគជោគជ័យក្នុងកិច្ចការវិនិយោគរបស់ខ្លួន លើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនៅក្នុងអង្គប្រជុំនេះដែរ អំពីបច្ចុប្បន្នភាពស្ថានភាពវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា៕

To Top