ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើ លោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស នៃរដ្ឋកាតា បញ្ជូនវិនិយោគិនមកកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ លោកនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ សម្តេចនិងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេច បានបញ្ជាក់ថាបានទទួលជួប លោកក្នុងអំឡុងពេលលោក ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចុះហត្ថលេខា ចូលជាភាគីនៃសន្ធិសញ្ញាមិត្ត និងសហប្រតិបត្តិការអាស៊ីអាគេ្នយ៍ (TAC)។
សម្តេច បានបន្តថា កម្ពុជានិងកាតា បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០០៨ ហើយសម្តេច មានបំណងមក ធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។ សម្តេចបានបន្ថែមថា ប្រទេសយើងទាំងពីរ មានសក្តានុពលច្រើនដែលប្រើប្រាស់មិនទាន់អស់។ កាតា ជាប្រទេសអ្នកមាន និងគួរវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ កម្ពុជាមានផលិតផលកសិកម្មច្រើន ដូចជាគ្រាប់ស្វាយចន្ទី ដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោក តែខ្វះលទ្ធភាពកែច្នៃ និងផលិតផលកសិកម្មជាច្រើនទៀត។
សម្តេច បានគូសបញ្ជាក់ថា កម្ពុជានិងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងការការពារ វិនិយោគទៅវិញទៅមក និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស និង អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើតកិច្ចពិគ្រោះ យោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។
សម្តេចតេជោ បានលើកសរសើរតួនាទី របស់កាតានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថា កាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោក Doha Round និងបានរៀបចំគោលនយោបាយមួយ ដែលទទួលបានការទុកចិត្ត ពីសំណាក់ប្រទេសនានា ក្នុងសកលលោក។
សម្តេចតេជោ បានគូសបញ្ជាក់ថា កាតាមានទំនាក់ទំនងជាមួយអាស៊ាន តាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់កាតា។ សម្តេច បានអរគុណ Qatar Airways ដែលមានជើងហោះហើរប្រចាំថ្ងៃមកកម្ពុជា។ ទង្វើនេះ ផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន និងវិនិយោគិន។
សម្តេចសម្តែងក្តីរីករាយដែល កាតា ទទួលបានជោគជ័យជាខ្លាំងក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup 2022 ដែលបានធ្វើឱ្យតួនាទីរបស់កាតា កើនឡើងលេចធ្លោថែមទៀតនៅលើឆាកអន្តរជាតិ។
ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្ត្រីកាតា បានអរគុណចំពោះការលើកឡើង ខាងលើរបស់សម្តេច និងបានជម្រាបសម្តេចតេជោថា កាតា ផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនង ជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ ។
លោកបានបន្តថា នៅក្នុងទំនាក់ទំនងទ្វេភាគី កាតា សម្លឹងមើលឱកាសសម្រាប់វិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានចុះហត្ថលេខា ចប់សព្វគ្រប់នាពេលខាងមុខ នឹងជំរុញវិនិយោគទៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីកាតា បានលើកឡើងថា លោកនឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគ នៃរដ្ឋកាតា(QIA) មកជួបសម្តេច ដើម្បីជំរុញទំនាក់ទំនង ខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ ៕