ភ្នំពេញ៖ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភា នៃរដ្ឋកាតា បានសម្ដែដនូវការកោតសរសើរ ជំហរអព្យាក្រឹត្យរបស់កម្ពុជា ចំពោះបញ្ហាប៉ាឡេស្ទីន។
ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសផាកម្ពូជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម បានស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ច នៅរដ្ឋកាតា ។ លោកបានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេចតេជោ ពេលនេះល្អណាស់ សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗ រវាងប្រទេសយើងទាំងពីរ។
លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម បានបន្ថែមថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួល ដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន ជាដើម។
លោកបានបន្តថា កាតាបានខិតខំធ្វើការដើម្បី ឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍ សន្តិភាពនិងប្រជាជន។ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម យល់ថាបណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព រួមដៃគ្នាធ្វើកិច្ចការនេះ។
នាឱកាសនេះ សម្តេចតេជោ បានអរគុណ លោក ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម ចំពោះ ការលើកឡើង ពីទំនាក់ទំនងទ្វេភាគីកម្ពុជា កាតា និង តួនាទីរបស់សភា ក្នុងការដោះស្រាយបញ្ហាតំបន់ និងពិភពលោក។
សម្តេច ពិតជារីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា ដែលនឹងពង្រឹងទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិ រាជរដ្ឋាភិបាល ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ។
សម្តេចគូសបញ្ជាក់ថា សម្តេច បានជួបនាយករដ្ឋមន្ត្រីកាតា ហើយតាមសំណើរបស់គាត់ សម្តេចនឹងទទួលជួបរដ្ឋមន្ត្រី ពាណិជ្ជកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរ វិនិយោគកាតា ។
សម្តេចតេជោ បានបន្ថែមថា ប្រទេសយើងទាំងពីរ ត្រូវធ្វើការជាមួយគ្នា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជកម្ម ។ ប្រទេសកាតាមានសន្តិសុខថាមពល ហើយកម្ពុជាមានសន្តិសុខស្បៀង។ សម្តេច ចង់បាន វិនិយោគិនកាតាមកកម្ពុជា និងចង់ឃើញ ការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ដោយសារសភាព ការពិភពលោកស្មុគស្មាញ។
សម្តេច បានទទួលស្គាល់ ដោយការពេញចិត្ត និងវាយតម្លៃខ្ពស់នូវតួនាទី របស់កាតា នៅលើឆាកអន្តរជាតិ ដូចជាការចរចាពាណិជ្ជកម្មពិភពលោក ក្នុងក្របខ័ណ្ឌ Doha Round ជាដើម។ សម្តេចបានគូសបញ្ជាក់ថា ជំហររបស់កាតានិងកម្ពុជាលើបញ្ហាអន្តរជាតិ និងតំបន់មិនខុសគ្នាទេ ។ ជាមួយគ្នានេះដែរ សម្តេចបានលើកឡើងថា ទោះបីប្រទេសយើងជាប្រទេសតូចយ៉ាងណាក៏ដោយ យើងត្រូវចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាតំបន់និងអន្តរជាតិ។ កម្ពុជា បានចូលរួម ក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុង១០ប្រទេសរហូតមក ទល់នឹងពេលបច្ចុប្បន្ន។
ចំពោះការលើកឡើង ពីកិច្ចប្រជុំអន្តរជាតិសភា របស់ប្រធានសភាកាតា សម្តេចតេជោបានលើកឡើងថា កម្ពុជា បានរៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីរសប្តាហ៍កន្លងទៅនេះ និង បានអនុម័តធម្មនុញសន្តិភាពសកលលោក (Universal Peace Charter, UPC) ដែលបើកចំហរសម្រាប់សភាផ្សេងៗទៀត ចូលជាសមាជិក។
សម្តេចបានបន្ថែមថា ក្នុងនាមសភាកាតា លោកប្រធាន អាចផ្តួចផ្តើមគំនិតបង្កើត កិច្ចប្រជុំសភាអាស៊ីមួយ ហើយកម្ពុជា ពេញចិត្តចូលរួមដើម្បីដោះស្រាយបញ្ហាតំបន់ និងសកល ។ សម្តេចបានបន្តថា សម្លេងរបស់សភារួមគ្នា អាចរួមសម្លេង ជាមួយរាជរដ្ឋាភិបាល នៅអ.ស.ប. ទោះបីជាសម្លេងស្រាល តែប្រសើរជាងមិនបាន ធ្វើអ្វីទាំងអស់។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញ លោកប្រធានសភាកាតា មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។
លោកប្រធានសភាកាតា យល់ស្របថា ធម្មនុញសន្តិភាព សកលលោក មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រីក ទំនាក់ទំនងសភា និងអ្នកស្រឡាញ់សន្តិភាព ។ លោក នឹងធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាពពិភពលោក ប្រឆាំងសង្គ្រាម៕