ភ្នំពេញ៖ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ សម្តេចតេជោ បានលើកឡើងថា ឯកសារសំខាន់ពីររួមមាន កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមកនិង កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស គួរត្រូវបានចុះហត្ថលេខា នាពេលដ៏ខ្លីខាងមុខ។

ការលលើកឡើងនេះ ធ្វើឡើងក្នុង ឱកាសទទួលជួបលោក Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងសក្តានុពលខាងវិស័យកសិកម្ម។

ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានបានបង្ហាញអំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។

លោក Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មកាតា បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះព័ត៌មានដ៏មានសារៈសំខាន់ស្តីពីកាលានុវត្តន៍ភាព និងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា និងបានលើកឡើងថា ភាគីទាំងពីរនឹងធ្វើការជាមួយគ្នា ដើម្បីធ្វើការចុះហត្ថលេខា ឱ្យបានឆាប់លើកិច្ចព្រមព្រៀងទាំងពីរ ដែលសម្តេចបានលើកឡើង៕

