ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហាញក្ដីរំពឹងថាគម្រោងថាមពលស្អាត ដែលមានអានុភាព ១៧០មេហ្កាវ៉ាត់ ក្នុងទឹកដីនៃខេត្តកោះកុង នឹងផ្តល់អគ្គិសនីដល់បណ្តាញអគ្គិសនីជាតិ នៅឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល ។

ការបង្ហាញក្ដីរំពឹងនេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី កែវ រតនៈ បានអញ្ជើញបិទស្ទឹងវាលថ្មកំបុត និងឫស្សីជ្រុំកណ្តាល ដើម្បីសាងសង់វារីអគ្គិសនីដែលមានអានុភាព ១៧០មេហ្កាវ៉ាត់ នៅខេត្តកោះកុង នាថ្ងៃ០៩ ខែធ្នូ ឆ្នាំ២០២៤។

លោក កែវ រតនៈ បន្ថែមថា ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបង្កើតថាមពលស្អាតឱ្យបានយ៉ាងតិច៧០% នៅឆ្នាំ២០៣០ ដែលជាអត្រាខ្ពស់សម្រាប់ទប់ស្កាត់ ការប្រើប្រាស់ប្រភពដូចជាធ្យូងថ្មនិងប្រេង ហើយថាមពលបៃតងក៏នឹងបន្តជួយទាក់ទាញ ការវិយោគពីក្រៅប្រទេសមកកម្ពុជាបន្ថែមទៀតដែរ៕





