ព័ត៌មានជាតិ

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានកែទម្រង់ ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា

ភ្នំពេញ ៖ មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការវិវត្តដ៏សំខាន់របស់ស្ថាប័ននេះ ក្នុងបេសកកម្មគាំទ្រការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា។

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ។

លោកបានលើកឡើងថា ជាមួយនឹងស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងការវាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលី មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផល ទៅក្រៅប្រទេស ដែលនឹងកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។

មន្ទីរពិសោធន៍ជាតិ វ.ប.ន. មានបទពិសោធន៍ក្នុងការធ្វើតេស្តវិភាគជាង ៣០ឆ្នាំ មុនត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ កំណែទម្រង់នេះបានបង្កើនស្វ័យភាព ភាពបត់បែននៃប្រតិបត្តិការ និងសមត្ថភាពពង្រីកសេវាកម្មប្រកបដោយវិជ្ជាជីវៈ រួមទាំងផែនការពង្រីកសមត្ថភាពធ្វើតេស្តផលិតផលមេកានិច អគ្គិសនី អេឡិចត្រូនិកនៅក្នុងឆ្នាំ២០២៥។

លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ នាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ជាតិ វ.ប.ន. បានបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ស្ថាប័ននេះ ដើម្បីបំពេញតម្រូវការវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់កម្ពុជា។ លោកស្រីបានលើកឡើងថា៖ “មន្ទីរពិសោធន៍នេះត្រូវបានបំពាក់ដោយសម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ព្រមទាំងមានក្រុមការងារជំនាញ។ យើងប្តេជ្ញាជំរុញនវានុវត្តន៍ លើកម្ពស់ស្តង់ដារគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ពិធីសម្ពោធនេះ ក៏មានកម្មវិធីទស្សនកិច្ច មន្ទីរពិសោធន៍ ដែលបើកឱ្យកាសជូនភាគីពាក់ព័ន្ធ រួមមានសហគ្រិន អ្នកផលិត និងអ្នកនាំចេញ បានពិនិត្យដោយផ្ទាល់ នូវសមត្ថភាពខ្ពស់ របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន.។ បច្ចុប្បន្ន មន្ទីរពិសោធន៍ជាតិ វ.ប.ន ផ្តល់សេវាកម្មមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ គីមីចំណីអាហារ គីមីមិនមែនចំណីអាហារ និងមន្ទីរពិសោធន៍ទឹក ដើម្បីគាំទ្រធុរកិច្ចបំពេញ តាមលក្ខខណ្ឌតម្រូវជាសកល និងពង្រឹងភាពប្រកួតប្រជែង របស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ។

លោក ហែម វណ្ណឌី បានលើកទឹកចិត្តឱ្យមានកិច្ចសហការបន្ថែមទៀត រវាងមន្ទីរពិសោធន៍ជាតិ វ.ប.ន. និងមន្ទីរពិសោធន៍ផ្សេងៗ ដើម្បីបង្កើនការទទួលស្គាល់ សេវាធ្វើតេស្តរបស់កម្ពុជា កាន់តែច្រើន ទាំងក្នុងតំបន់ និងអន្តរជាតិ។ លោកបានបន្ថែមថា កិច្ចសហការទាំងនេះនឹងជួយធានាបាន នូវស្តង់ដារគុណភាពខ្ពស់ ភាពស៊ីសង្វាក់គ្នា និងការប្រៀបធៀបលទ្ធផលកាន់តែប្រសើរ ក្នុងគោលដៅបង្កើនទំនុកចិត្ត លើសមត្ថភាពធ្វើតេស្តរបស់កម្ពុជា ៕

To Top