ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ ពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៧ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ។

ពិធីបើកពិព័រណ៍ ពាណិជ្ជកម្មកម្ពុជា នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤​ ពេលវេលា ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង០៨:០០នាទីយប់ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

សូមរំលឹកថា ក្រសួងពាណិជ្ជកម្ម​ បានរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ដែលជាព្រឹត្តិការណ៍ពិព័រណ៍ ដ៏ធំមួយប្រចាំឆ្នាំ ក្នុងគោលបំណងតាំង បង្ហាញផលិតផល​ ដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ- នាំចូលសំខាន់ៗ និងសេវាកម្ម ដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ។ បេសកកម្មចម្បងរបស់ CTE គឺជំរុញ សកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំង ជំរុញការនាំ ចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងអ្នកតាំងពិព័រណ៍ ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍ ។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំង បង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារសកល និងការតាំងបង្ហាញ ផលិតផលរបស់ដៃ គូអន្តរជាតិផងដែរ។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE) ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើង ទទួលបានជោគជ័យ​ ចំនួន១៦លើក ។ ការផ្លាស់ប្តូរ ឈ្មោះពិព័រណ៍ CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះ កាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញ ក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ ៕

To Top