ព័ត៌មានជាតិ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន ពីក្រុមប្រទេស អភិវឌ្ឍន៍តិចតួច

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និងប្រកបដោយ ចលនាការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

នាឱកាសអញ្ជើញជាជាអធិបតីសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត លើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់, ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួន ក្នុងការចាកចេញ ពីក្រុមប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំ ២០២៩ ដោយរលូន និងប្រកបដោយចលនការ។

សម្តេចបវរធិបតី បានណែនាំឱ្យបន្តចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងពិព័រណ៍ពិភពលោក, ព្រម ទាំងរៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិ ក្នុង និង ក្រៅប្រទេស ជាពិសេសពង្រីកលទ្ធភាព នៃការនាំចេញ តាមរយៈយន្តការជំរុញការនាំចេញ របស់ក្រសួងពាណិជ្ជកម្ម ដូចជាការដឹកនាំវិស័យ ឯកជនបន្ថែមទៀត ទៅចូលរួមព្រឹត្តិការណ៍ ពិព័រណ៍អន្តរជាតិល្បីៗ នៅបណ្តាប្រទេសដែលមានទីផ្សារសក្កានុពល, រួមមានជាអាទិ៍៖ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម ។ល។ ចំពោះព្រឹត្តិការណ៍ពិព័រណ៍ក្នុងប្រទេស សូមពង្រីកការយក ចិត្តទុកដាក់ឱ្យចំគោលដៅផលិតផល ដោយផ្តោតលើការផ្គូផ្គងរវាងអ្នកផ្គត់ផ្គង់ និង អ្នកបញ្ជាទិញដោយផ្ទាល់។

សម្តេចបវរធិបតី បន្ថែមថា បន្តធ្វើទំនើបកម្ម កិច្ចការពិព័រណ៍ តាមរយៈការប្រើប្រាស់ថ្នាលបច្ចេកវិទ្យា ក្នុងការ គ្រប់គ្រងព្រឹត្តិការណ៍ ពិព័រណ៍ និងការស្នើសុំលិខិតអនុញ្ញាតរៀបចំពិព័រណ៍ សម្រាប់វិស័យឯកជន និង ស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ និង ឆាប់រហ័ស។

សម្តេចបវរធិបតី គូសបញ្ជាក់ថា «ជំរុញការរៀបចំយុទ្ធសាស្ត្រ ដើម្បីត្រៀមចាកចេញដោយរលូន និង ប្រកបដោយ ចលនការ ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយធានាឱ្យបាននូវកម្មវិបាកអវិជ្ជមានជាអប្បរមា និង លើកឡើងនូវការស្នើវិធានការ និង យុទ្ធសាស្ត្រនានា ដើម្បីធានាបាននូវចីរភាពនៃការអភិវឌ្ឍ ក្រោយកម្ពុជាចាកចេញដោយជោគជ័យនៅឆ្នាំ ២០២៩ ក៏ដូចជាការឈានដល់ការសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរួមចំណែកក្នុងការឈានឆ្ពោះ ទៅសម្រេចបាន នូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២២- ២០៣៥ និង គោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២៣-២០៣៥ ដើម្បីប្រសិទ្ធភាពសេដ្ឋកិច្ច និង កាត់បន្ថយថ្លៃពាណិជ្ជកម្ម និង ពេលវេលា ៕

To Top