ព័ត៌មានជាតិ

សម្ដេចធិបតី សម្ដែងការអបអរសាទរ ចំពោះសមទ្ធិផលថ្មីៗ ក្នុងខេត្តកំពត ជាពិសេសទាក់ទងនឹងវិស័យទេចរណ៍

កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះសមទ្ធិផលថ្មីៗធំៗ ២ ក្នុងខេត្តកំពត ជាពិសេសទាក់ទងទៅនឹងវិស័យទេសចរណ៍តែម្តង ។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកព្រឹត្តិការណ៍បុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “សក្តានុពលរបស់ខេត្ត គឺខ្ញុំសូមអបអរសាទរណាស់ ចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ចំពោះសមទ្ធិផលថ្មីៗ ដែលទទួលបានក្នុងរយៈពេលកន្លងមកនេះ ហើយជាពិសេសនៅក្នុងរយៈពេល ១ឆ្នាំជាងនេះ” ។

សម្តេចធិបតី ក៏បានគូសរំលេចថា កំពង់ផែទឹកជ្រៅពហុបំណង និងកំពង់ផែទេសចរណ៍អន្តរជាតិ ដែលបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន នឹងរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម  ការផ្លាស់ប្តូរទំនិញនិងទេសចរណ៍ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ ។

ក្នុងនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើង អំពីការវាយតម្លៃ និងការលើកឡើងនូវមតិមួយចំនួន លើការកសាងកំពង់ផែទឹកជ្រៅខេត្តកំពត ដោយសម្តេច បានបញ្ជាក់ថា មួយឆ្នាំមុន មុនសម្ពោធកំពង់ផែទឹកជ្រៅខេត្តកំពត គឺមានអ្នកមួយចំនួន បានចេញតាមប្រព័ន្ធបណ្តាញសង្គម ដោយបានឆ្ងល់ហើយគិតថាផែដែលបានធ្វើជាមួយធនាគារADB ជាផែដែលធ្វើបោះលុយចោលមិនអាចធ្វើដំណើរការ ប៉ុន្តែមិនមែនជាពិតទេ ការសិក្សាគឺបានគិតគូរច្បាស់លាស់ ខណៈដែលការបង្កើតផែថ្មីនេះ នឹងជំរុញបន្ថែមនៅក្នុងការតភ្ជាប់ខេត្តកំពត ជាមួយខេត្តផ្សេងៗទៀតតាមផ្លូវទឹក ក៏ដូចជាប្រទេសផ្សេងៗទៀត រួមមានប្រទេសវៀតណាម ថៃនិងប្រទេសផ្សេងៗ។

សម្តេចធិបតី មានប្រសាសន៍ថា “ថ្មីៗនេះយើងបានសម្ពោធសមិទ្ធផលធំៗពីរ ទាក់ទងនឹងវិស័យទេសចរណ៍ ទី១ គឺកំពង់ផែពហុបំណងកំពត កាលពីថ្ងៃទី៦ ខែមិថុនា ដែលជាផែទឹកជ្រៅអាចជួយនៅក្នុងការជំរុញវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ ហើយម្សិលមិញនេះ គឺសម្ពោធបើកបណ្តោះអាសន្ន សម្រាប់ផែអន្តរជាតិទេសចរណ៍ ដែលកើតឡើងពីការធ្វើការួមគ្នា ជាមួយធានាគារអភិវឌ្ឍន៍អាស៊ី ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រីប្រធាននាយិកាធនាគារ ADB”៕

To Top