ព័ត៌មានជាតិ

៣២ឆ្នាំ នៃការដាក់បញ្ចូល តំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូល តំបន់រមណីយដ្ឋាន អង្គរក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០២៤)។

នេះគឺជាការរំឭកស្មារតី កូនខ្មែរគ្រប់រូប ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់ បុព្វបុរសខ្មែរ ដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរនាសម័យ អតីតកាលនិងការ តស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះ រាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិ បេតិកភណ្ឌដ៏មាន តម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

បច្ចុប្បន្នអង្គរវត្តបានក្លាយជា គោលដៅទេសចរណ៍ ដ៏សំខាន់ដោយ បានទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិរាប់លាននាក់ មកទស្សនានិងបាន ស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។

សូមជម្រាបថា ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋ អាមេរិក ។

ក្រោយពីការដាក់បញ្ចូល តំបន់រមណីយដ្ឋាន អង្គរចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយ បានប្រារព្ធធ្វើឡើង នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិត របស់រាជរដ្ឋា ភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូដើម្បីដាក់ចេញនូវ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ ដល់កិច្ចការពារអភិរក្ស និង អភិវឌ្ឍរមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោល ដៅនេះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។

តំបន់ឧទ្យានអង្គរមិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្ត តែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរ ទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា ។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភ័ណ្ឌពិភពលោក ៕

To Top