ព័ត៌មានជាតិ

សត្វកែះ ១ក្បាល ត្រូវបានសង្គ្រោះ និងត្រៀមបញ្ជូនទៅកាន់ ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ»

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ត្រាត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសត្វកែះ ១ក្បាល រត់ចេញពីព្រៃ ហើយត្រូវបានប្រជាពលរដ្ឋ ចាប់មកប្រគល់ឱ្យមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដើម្បីពិនិត្យតាមដាន សុខភាព និងទាក់ទៅមន្ត្រីជំនាញសត្វព្រៃ មើលថែទាំមុននាំទៅលែងទៅព្រៃធម្មជាតិវិញ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វកែះនេះ ត្រូវបានបងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ សហគមន៍ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ប្រទះឃើញរត់ចូលភូមិ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ ហើយបច្ចុប្បន្ននេះ មន្ត្រីឧទ្យានុរក្សប្រចាំការ នៅតំបន់ការពារ ទេសភាពបន្ទាយឆ្មារ បានទទួលពីសហគមន៍ ដោយបាននាំយកមកថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីពិនិត្យសុខភាព និងត្រៀមបញ្ជូលទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» វិញ។

លោក ក៏បានវាយតំលៃផងដែរថា វត្តមានរបស់សត្វ«កែះ» អាចនិងមានច្រើនជាងនេះ ដែលនេះគឺជាការល្អ ហើយមិនមែន ជាការរំខាននោះទេ ចំពោះមនុស្ស ហើយឯកឧត្តម ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋ បើឃើញសត្វព្រៃ សូមកុំឱ្យមានការបរបាញ់ ត្រូវយកចិត្តទុកដាក់ ក្នុងការអភិរក្ស ថែរក្សាសត្វព្រៃ ព្រោះនិងផ្តល់ សារៈប្រយោជន៍ ទៅដល់សហគមន៍វិញ តាមរយៈចំណូលពីភ្ញៀវទេសចរណ៍ ដែលមកលេងកម្សាន្ត ។

សត្វ «កែះ» ជាសត្វព្រៃដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទងាយរង គ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា ។ លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅ តំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ «កែះ» ជាប្រភេទសត្វដែលមានភាព រហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និង រស់នៅតាមទីជម្រកស្ងាត់ ដូច្នេះគេកម្រជួបប្រទះ វាណាស់។

«កែះ» ចូលចិត្តយករូងភ្នំរាក់ៗ ធ្វើជាទីជម្រក ហើយគេអាចសម្គាល់ វត្តមានវាបានដោយសារគំនរលាមករបស់វា។ នៅពេលថ្ងៃវាចូលចិត្ត សម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និង ល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់ ពីពពោះរយៈពេល៧ខែ ។ កូនដែលកើតមករស់ នៅជាមួយមេរបស់វាស្ទើរ ពេញមួយឆ្នាំទើបចាកចេញ ៕

To Top