ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា ទេសចរណ៍មូស្លីម កម្ពុជាឆ្នាំ២០២៤ ក្រោមមូលបទ “ភាពស្រស់ស្អាត នៃសុខដុមនីយកម្ម និង គោលដៅទេសចរណ៍មូស្លីម” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
បើតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ (១) ស្វែងយល់អំពីទីផ្សារ ទេសចរណ៍មូស្លីម (២) បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌ (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហាឡាល (៤) តួនាទី របស់រាជរដ្ឋាភិបាល និងវិស័យឯកជន និង (៥) ការកសាងសមត្ថភាពសម្រាប់ឧស្សាហកម្មទេសចរណ៍។
លើសពីនេះ វេទិកានេះនឹងបង្កើនការយល់ដឹងក្នុងចំណោមភាគីពាក់ព័ន្ធអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ នៃទេសចរណ៍ពហុ វប្បធម៌ ក៏ដូចជាទេសចរណ៍មូស្លីម ដែលចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសកាន់សាសនា ឥស្លាម។
ក្នុងន័យនេះ សម្រាប់ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ អន្តរជាតិ វិស័យរដ្ឋ ឯកជន និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ អាចទំនាក់ទំនងចុះឈ្មោះតាមរយៈ លោក ភិន រិទ្ធី សមាជិកលេខាធិការដ្ឋានក្រុមការងារទេសចរណ៍មូស្លីម (ទូរសព្ទលេខៈ ០៩៦ ៩៩៧ ០៥០៥ និង ០៩៦ ៨១៧ ១៦៧០)៕