ព័ត៌មានជាតិ

ទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំ អ្នកស្រី យឹម សុគន្ធមាលា ប្រកាសបើកសម្ពោធសៀវភៅ “ស្រលាញ់ខ្លួនឯង តែមិនអាត្មានិយម” ជាផ្លូវការ

ភំ្នពេញ៖ ទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំ អ្នកស្រី យឹម សុគន្ធមាលា ព្រមទាំងជាអ្នកនិពន្ធ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសម្ពោធសៀវភៅ “ស្រលាញ់ខ្លួនឯង តែមិនអាត្មានិយម” ដែលរចនាឡើងដោយសេចក្តីស្រលាញ់ក្នុងគោលបំណងលើកកម្ពស់ សុខុមាលភាពផ្លូវចិត្ត និងចែករម្លែកចំណេះដឹង ព្រមទាំងបទពិសោធជីវិតពាក់ព័ន្ធនឹង “ការស្រលាញ់ខ្លួនឯង” ដើម្បីរួមចំណែកក្នុងការបង្កើនគុណភាពជីវិត និងស្នាមញញឹមរបស់យើងទាំងអស់ជាផ្លូវការនៅ Factory Phnom Penh ។

អ្នកស្រី យឹម សុគន្ធមាលា ជាអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍធនធានមនុស្ស និងជាគ្រូបណ្តុះបណ្តាលជំនាញទន់ បានប្រាប់ឲ្យដឹងថា ខ្លឹមសារនៃសៀវភៅ “ស្រលាញ់ខ្លួនឯង តែមិនអាត្មានិយម” នេះបានចូលរួមចំណែកមួយក្នុងការរំឭកយើងថា យើងអាចរស់នៅដោយរីករាយតាមរបៀបខ្លួនឯងក្នុងភាពជាខ្លួនឯង ហើយយើងអាចផ្តល់ការថែរក្សាដល់ខ្លួនឯងឱ្យបានល្អបំផុត តាមដែលអាចធ្វើទៅបានដោយរក្សាតុល្យភាពរវាងខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។ ជីវិតយើងនេះ គឺជាអំណោយដ៏មានតម្លៃបំផុត និងជាទីស្រលាញ់សម្រាប់ខ្លួនឯងដ៏ក្រៃលែង។

អ្នកស្រី បន្ថែមថា «ប្រសិនបើយើងអាចរកឃើញនូវតុល្យភាពរវាងការផ្តល់សេចក្តីស្រលាញ់ដល់ខ្លួនឯង និងការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួន ដល់សព្វសត្វ និងធម្ម-ជាតិទាំងឡាយគឺជាការរកឃើញនូវគតិបណ្ឌិតមួយដែលអាចជួយជីវិតយើងឱ្យកាន់តែបានប្រសើរ ព្រមទាំងរីកចម្រើនរុងរឿងជាមួយគ្នាក្នុងភាពជាមនុស្ស។ ដរាបណាយើងអាចផ្តល់សេចក្តីស្រលាញ់ដល់ខ្លួនឯង និងថែរក្សាខ្លួនឯងបានល្អ ដរាបនោះយើងនឹងអាចដឹងពីរបៀបដែលយើងអាចផ្តល់សេចក្តីស្រលាញ់ និងថែរក្សាអ្នកដទៃបានយ៉ាងប្រពៃដែរ។ ជាការប្រសើរខ្លាំងណាស់ប្រសិនបើយើងអាចអនុវត្តការផ្តល់សេចក្តីស្រឡាញ់នេះជាប្រក្រតី។»

អ្នកស្រីយឹម សុគន្ធមាលា បានបន្តថា ការបង្កើតនេះឡើងដើម្បីជំរុញការអានរបស់សិស្សានុសិស្ស និងឱកាសជូនដល់សិស្ស និស្សិត និង មិត្តអ្នកចូលចិត្តការអាន ការសិក្សា មានឱកាសបានដឹងខ្លឹមសារបន្ថែមទៀតនៃ “ការស្រលាញ់ខ្លួនឯង តែមិនអាត្មានិយម” តាមរយៈការផ្តល់វត្តមានសៀវភៅនេះនៅក្នុងបណ្ណាល័យសិក្សានានាផង។ ការចូលរួមរបស់យើងទាំងអស់គ្នាគឺជាចំណែកយ៉ាងសំខាន់ និងចាំបាច់ក្នុងការធ្វើឲ្យមានសេចក្តីស្រលាញ់បរិសុទ្ធ និងស្នាមញញឹមពីបេះដូងយ៉ាងកក់ក្តៅកាន់តែច្រើនឡើងសម្រាប់មាតុភូមិខ្មែរយើង។

អ្នកស្រីប្រាថ្នាសូមឲ្យគុណធម៌ និងខ្លឹមសារនៃព្រហ្ម-វិហារធម៌កើតមានពិតប្រាកដក្នុងបេះដូងខ្មែរគ្រប់រូបដើម្បីយើងអាចផ្តល់ជូនខ្លួនឯង និងជូនចំពោះគ្នាទៅវិញទៅមកនូវភាពកក់ក្តៅនេះឲ្យស័ក្តិសមក្នុងនាមយើងជាកុលបុត្រកុលធីតាពូជខ្មែរមហានគរដែលមានស្មារតី ស្រលាញ់គ្នា រួបរួមគ្នា យោគយល់គ្នា ដើម្បីការពារ និងអភិវឌ្ឍមាតុភូមិអង្គររបស់យើងឱ្យបានគង់វង្ស និងចម្រើនរុងរឿងទៅមុខបន្តទៀត ព្រមទាំងស័ក្តិសមជាជាតិសាសន៍ដែលបានប្រកាន់យកការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធជាសាសនារបស់រដ្ឋ។

អ្នកស្រីយឹម សុគន្ធមាលា ទទួលបានអនុបណ្ឌិតផ្នែកគ្រប់គ្រងពីសកលវិទ្យាល័យ Charles Sturt (សកលវិទ្យាល័យរបស់ប្រទេសអូស្រ្តាលី) ជាមួយនិងបទពិសោធចាស់ទុំក្នុងជីវិត។ អ្នកស្រីធ្លាប់ចូលរួមវគ្គសិក្សាបន្ថែមមួយចំនួនដូចជា៖ ភាពជាអ្នកដឹកនាំ ភាពជាគ្រូបណ្តុះបណ្តាល និងជំនាញទន់នានា ព្រមទាំងជំនាញផ្សេងៗទៀតជាដើម។ល។នៅបរទេសដូចជា៖ សហរដ្ឋអាមេរិក អូស្រ្តាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី។ល។ អ្នកស្រីគឺជាអ្នកដែលចូលចិត្តការអាន និងការធ្វើដំណើរយ៉ាងខ្លាំងដែលផ្តល់ឱកាសឲ្យអ្នកស្រីទទួលបានទាំងការយល់ដឹងនិងបទពិសោធន៍ដើម្បីចែករំលែកជាមួយមនុស្សនៅជុំវិញខ្លួន។ ជាបន្ថែមទៀត អ្នកស្រីត្រូវបានទទួលស្គាល់បញ្ជាក់ជាគ្រូបណ្តុះបណ្តាលកម្រិតខ្ពស់របស់អាស៊ាន “បទដ្ឋានគ្រូបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុននៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍” ។

ក្នុងឆ្នាំ ២០២០ អ្នកស្រីបានទទួលពានរង្វាន់ជាជើងឯកស្រ្តីក្នុងវេទិកាប្រកួតគំនិត“ទិវាភាពជាអ្នកដឹកនាំប្រចាំឆ្នាំ២០២០” ហើយត្រូវបានផ្តល់កិត្តិយសជា “ទូតសុច្ឆន្ទៈភាពជាអ្នកដឹកនាំ”។

អ្នកស្រី សុគន្ធមាលា មានជំនឿទៅលើអានុភាពនៃគំនិតវិជ្ជមាន សេចក្តីស្រឡាញ់ និងវិជ្ជាជីវៈក្នុងការបំពេញការងារ។ ចំណង់ចំណូលចិត្តយ៉ាងខ្លាំងរបស់អ្នកស្រីក្នុងការចែករំលែក ការផ្តល់នូវបរិយាកាសដែលមានការលើកទឹកចិត្តក្នុងការសិក្សាសម្រាប់អ្នកចូលរួមបានបង្កើតឱកាសដ៏ល្អដែលអាចបង្វឹកសមត្ថភាពសិក្ខាកាមឱ្យទទួលបានការអភិវឌ្ឍប្រកបដោយខ្លឹមសារ និងមានសារៈប្រយោជន៍ដ៏ប្រសើរ៕

ដោយ៖ លី ហ្វីលីព

To Top