កំពង់ចាម៖ លោក បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៅកម្ពុជា (CUS) បានផ្ដល់ពន្លឹះ ដល់និស្សិតឲ្យចេះរៀបចំផែនការ ដើម្បីរៀនពូកែនៅថ្នាក់ឧត្តមសិក្សា។ ការធ្វើបទបង្ហាញនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម ក្នុងពិធីសន្និសីទឆ្នាំ២០២៤ ស្តីពីការសិក្សានៅឧត្ដមសិក្សា និងឱកាសទីផ្សារការងារ ។
លោក បណ្ឌិត មាស បូរ៉ា បានមានប្រសាសន៍ថា ការធ្វើសន្និសីទថ្ងៃនេះពិតជាមានសារៈសំខាន់ ដែលប្រធានបទថ្ងៃនេះ នឹងប្រាប់គ្រប់ព័ត៌មានទាំងអស់ ជូនដល់ប្អូនៗនិស្សិតទាំងថ្មី ទាំងចាស់អាចគិតយកទៅពិចារណាដើម្បី រៀបផែនការពីឆ្នាំទី១ ដល់ឆ្នាំទី៤ ធ្វើម៉េចរៀនឱ្យពូកែ បានលទ្ធផលល្អ និងចង់បញ្ចប់ ទទួលបានការងារធ្វើ មានប្រាក់បៀវត្សខ្ពស់ ។
លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងសន្និសីទនេះ អូនៗនិស្សិតត្រូវដឹង ពីប្រភេទការងារ មានតម្រូវការអ្វីខ្លះ ដែលនឹងត្រូវបកស្រាយដោយវាគ្មិន សុខ សារ៉ែម ប្រធានមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម។ បន្ទាប់មក និងមានការបកស្រាយ ដោយវាគ្មិន នី ឧត្តមវាសនា ប្រាប់អំពីគុណសម្បត្តិ អ្នកដែលអាចមានសមត្ថភាព ក្នុងការបម្រើការងារនៅក្នុងធនាគារ ។ ដូច្នេះសូមឲ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ស្ដាប់ ដើម្បីយកទៅពិចារណា ហើយរៀបចំផែនការធ្វើយ៉ាងណាឱ្យប្អូនៗ រៀនបានពូកែ ។
លោក បណ្ឌិត ឈឹម ប៊ុនណារិទ្ធ នាយកសាខាសាកលវិទ្យាល័យឯកទេស នៅកម្ពុជា ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងផងដែរថា ថ្ងៃនេះសាខាសាកលវិទ្យាល័យពិតជាមានមោទនភាព ដោយបានរៀបចំសន្និសីទ ២០២៤ ស្ដីពី ការសិក្សានៅឧត្តមសិក្សា ដើម្បីឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារការងារ ក្នុងគោលបំណងជួយតម្រង់ទិសដល់ប្អូនៗសិស្សានុសិស្សក្នុងការជ្រើសរើសជំនាញ ឯកទេសសិក្សា នៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ និងការងារ យល់ដឹងអំពីលក្ខណៈសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីដល់ប្អូនៗ ក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរ ព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយ ដល់ប្អូនៗ និស្សិតឱ្យកាន់តែប្រសើរ
ឡើង ៕