ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឆ្លុះបញ្ចាំងពីការ ខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្ម នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូន អាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន កាន់តែល្អប្រសើរ។

គួរឱ្យដឹងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្ត្រជាតិនេះ ត្រូវបាន ប្រកាសដាក់ ឱ្យ អនុវត្ត ជា ផ្លូវ ការ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការ លើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាសសរស្តម្ភដ៏សំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ និងបាន ប្រគល់ភារកិច្ចដល់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើរតួនាទីជាស្ថាប័នបង្គោល ក្នុងការជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋ កិច្ច ក្រៅ ប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។

តាមរយៈនេះ ក្រសួងបាន រៀបចំបង្កើត យន្តការ ចាំបាច់មួយចំនួន សម្រាប់ដំណើរការក្នុងការជំរុញនិង អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងផ្នែកបច្ចេកទេស ផលិតភាព ហិរញ្ញវត្ថុ និង កិច្ច ដំណើរការមុខរបរក្នុង គោលបំណងធ្វើយ៉ាង ណាឱ្យសេដ្ឋកិច្ច ក្រៅប្រព័ន្ធមានសមត្ថភាព និងលទ្ធភាពគ្រប់ គ្រាន់ក្នុងការអភិវឌ្ឍមុខរបរ ស្របតាមវត្ថុបំណងសមាហរណខ្លួនទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដ៏មានសក្តានុពល និង វឌ្ឍនភាព។

ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកិច្ចការ ចាំបាច់ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងពេញលេញពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន សមាគម ជាពិសេស ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លួនឯង ដើម្បី ដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ បង្កើតប្រព័ន្ធអេកូឡូស៊ី និង ភាពធន់ នឹង វិបត្តិជាសកល៕

To Top