ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ពានឫស្សី និងណែនាំម្ចាស់រម្យណីយដ្ឋាន ឆ្នេរកោះប៉ែន ឲ្យកែលម្អរសោភ័ណភាព និង ការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការសាងសង់ឡើងវិញស្ពានឬស្សីឆ្នេរកោះប៉ែន ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋាន ឲ្យកែលម្អសុភ័ណភាព និងបន្តពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ផងដែរ ។

បើតាម លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សី ដែលតភ្ជាប់ពីត្រើយម្ខាងក្រុងកំពង់ចាម ទៅឆ្នេរកោះប៉ែន មានប្រវែង ១,០៦៨ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់ សម្រេចបាន ៨០% ហើយ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ទន្ទឹមនឹងការសាងសង់នេះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ឱ្យរៀបចំតុបតែងស្ពាន ដូចជាការដាក់ទង់ជាតិ នឹងធ្វើកន្លែងសម្រាប់ថតសែលហ្វី និងដាក់ស្លាកប៉ាណូ 3D មួយ ដើម្បីបង្ហាញអំពីទិដ្ឋភាពរមណីយដ្ឋាន ជូនដល់ភ្ញៀវទេសចរណ៍បានដឹង ។

ម្ចាស់រមណីយដ្ឋានដដែល បានឲ្យដឹងផងដែរថា កន្លងមក រមណីយដ្ឋានឆ្នេរកោះប៉ែន បានរៀបចំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនភ្ញៀវ ទេសចរណ៍ បានល្អប្រសើរ ពោលគឺ មិនដែលមានបញ្ហាគ្រោះថ្នាក់ ដល់ភ្ញៀវទេសចរណ៍ នោះឡើយ។ រីឯការលក់ដូរម្ហូបអាហារនៅលើឆ្នេរកោះប៉ែននេះ គឺតម្រូវឲ្យអ្នកលក់រក្សាស្ថេរភាពតម្លៃ បើទោះជាថ្ងៃធម្មតា ឬថ្ងៃមានបុណ្យជាតិក៏ដោយ ៕

To Top