ព័ត៌មានជាតិ

សម្តេចធិបតី៖ ហាមដាច់ខាត មិនឱ្យជំរុញ ឬបង្ខិតបង្ខំ ចំពោះការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធនោះឡើយ គឺធ្វើតាមការស្ម័គ្រចិត្ត និង គ្មានការចំណាយអ្វីឡើយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការចុះឈ្មោះរបស់បងប្អូន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងហាមដាច់ខាត មិនឱ្យមានការជំរុញ ឬបង្ខិតបង្ខំ ខណៈការចុះឈ្មោះនេះទៀតសោត ក៏មិនមានតម្រូវឱ្យរៀបចំឯកសារ ឬបង់ថវិកាចូលរដ្ឋអ្វីដែរ ។

នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “បងប្អូនជាអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចមានអារណ៍ ស្ទាក់ស្ទើក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាត្តព្វកិច្ច និងចំណាយផ្សេងៗ ខ្ញុំសូមបញ្ជាក់ ទៅលើចំណុចនេះសារជាថ្មី ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនមានគិតថ្លៃអ្វីទាំងអស់ មិនមានដាក់ថា បងប្អូនត្រូវតែចុះដល់ថ្ងៃនេះ ត្រឹមឱសានវាទនេះ ហើយទទួលបន្ទុក ឬទទួលអ្វីទេ គឺស្ម័គ្រចិត្តទាំងស្រុង បងប្អូនឃើញបងប្អូនសិក្សាច្បាស់លាស់ ថាបានផល ហើយអត់មានទទួលបន្ទុកអ្វីទេ បងប្អូនស្ម័គ្រចិត្ត ហើយនេះគឺជាគោលការណ៍ ដែលបានណែនាំតាំងពីដើម គឺហាមដាច់ខាត មិនឱ្យមានការជំរុញ ឬបង្ខិតបង្ខំ គឺតាមការស្ម័គ្រចិត្ត” ។

បន្ថែមលើនេះ សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ចំណុចទី២ បងប្អូនអាចស្ទាក់ស្ទើ ព្រោះខ្លាចជាប់ពន្ធ កាត្តព្វកិច្ចអនុឡោមភាពមួយ ឥឡូវធំបំផុតពន្ធ ខ្ញុំសូមបញ្ជាក់ ដែលថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានផលរបរក្រោម ២៥០លានក្នុង១ឆ្នាំ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលទ្រង់ទ្រាយតូច មីក្រូ ដែលមានផលរបរក្រោម២៥០លានក្នុង១ឆ្នាំ មិនមានកាត្តព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់ ហើយនេះគឺជាគោលការណ៍ដែលបញ្ជាក់” ។

ទាក់ទិននឹងការគូសបញ្ចាក់ខាងលើនេះ សម្តេចធិបតី សង្កត់ធ្ងន់ថា អ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត ចំពោះការបើកឱ្យស្ម័គ្រចិត្តចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ធានាថា គ្មានការចំណាយ និងចាំបាច់ណាមួយ ឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវ បង់ជូនចូលរដ្ឋឡើយ ។

ក្នុងនោះសម្តេចធិបតី ក៏ធ្លាប់បានបញ្ជាក់នូវគោលការណ៍បែបនេះម្តងរួចមកហើយ កាលពីថ្ងៃខួប១ឆ្នាំ នៃរាជរដ្ឋាភិបាលផងដែរ៕

To Top