ភ្នំពេញ៖ អ្នកតាមដានស្ថានការណ៍នយោបាយ លោក បណ្ឌិត យង់ ពៅ បានមើលឃើញថា ការចូលចតរបស់នាវាចម្បាំង កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែព្រះសីហនុ ខេត្តព្រះសីហនុ នឹងបង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នាឡើងវិញ លើផ្នែកកងទ័ពរវាងប្រទេសទាំង២។
នេះជាលើកទី១ហើយ របស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីអាកខានអស់រយៈពេល៨ឆ្នាំ តាំងពីឆ្នាំ២០១៧។
សម្រាប់ការចូលចតដ៏កម្រនេះ បណ្ឌិតយង់ ពៅ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៥ ធ្នូលោក បង្ហាញក្តីរំពឹងទុកជាមុនថា នឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កាន់តែល្អឡើងវិញទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត។
លោកថា “ជាសុឆន្ទះដែលខ្ញុំក៏រំពឹងថា កម្ពុជា-សហរដ្ឋអាមេរិកនឹងមានកិច្ចសហប្រតិបត្តិការល្អឡើងវិញ ទៅលើវិស័យការពារជាតិ ក៏ដូចជាវិស័យផ្សេងៗដែរ”។
ជាមួយគ្នានេះ ក្នុងនាមជាអ្នកតាមដានស្ថានការណ៍ នយោបាយមួយរូបនៅកម្ពុជា លោកបណ្ឌិតក៏បានអំពាវនាវឲ្យប្រទេសទាំង២ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ឲ្យគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែម ទៀត ក្រៅពីវិស័យការពារជាតិ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ក្នុងការតម្កល់ផលប្រយោជន៍ និងសណ្តាប់ធ្នាប់សកល ទោះបីជាកម្ពុជាជាប្រទេសតូចក៏ដោយ ប៉ុន្តែក៏ជាផ្នែកមួយសំខាន់នៃ សណ្តាប់ធ្នាប់ពិភពលោកដែរ។
សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាវាចម្បាំងកងទ័ពជើងទឹកអាមេរិកចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ មាននាវិកសរុបចំនួន ១០៣នាក់។ ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាមេរិក។
សេចក្តីប្រកាសរបស់ក្រសួងការពារជាតិដដែលក៏អះអាងថា ការចូលចតរបស់នាវាចម្បាំងកងទ័ពជើងទឹកអាមេរិក នៅកំពង់ផែព្រះសីហនុ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ៕