ព័ត៌មានជាតិ

សម្តេចធិបតី ៖ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ ថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ មិនមែនបន្ទុកបន្ថែមនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការរៀបចំ និងដាក់ឱ្យប្រើប្រាស់​នូវថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ មិនមែនដើម្បីបន្ទុកបន្ថែម ជូនអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធនោះទេ ។

នេះជាការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ។

នៅក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ អំពីគុណតម្លៃ និងផលប្រយោជន៍នានា នៅក្នុងការចុះឈ្មោះក្នុងប្រព័ន្ធ ក្នុងនោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមានកាត្តព្វកិច្ច និងចំណាយផ្សេងៗឡើយ ហើយជាពិសេសអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនមានគិតថ្លៃអ្វីទាំងអស់ ។

សម្តេចធិបតី មានប្រសាសន៍ថា “ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ នូវថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយ មិនមែនដើម្បីបន្ទុកបន្ថែម ជូនបងប្អូននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ ហើយកិច្ចការងារនេះ គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្តទាំងស្រុង មិនមានការចាប់បង្ខំទេ”។

សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ចាំតែ២ចំណុចនេះទៅបានហើយ ប្រព័ន្ធឌីជីថលចុះឈ្មោះនេះ គឺធ្វើ, ចាំតែ២ ទី១ជួយមិនមែនធ្វើបាបទេ ដាក់បន្ទុកបន្ថែម ហើយទី២ ស្ម័គ្រចិត្ត មិនមានការបង្ខំ បានលទ្ធផលអ្វី ផលប្រយោជន៍ អ្វីគឺអាចសិក្សា លម្អិតបន្ថែមទៀត អំពីស្ថាប័ន និងកិច្ចការបន្ថែម ព្រោះការបណ្តុះបណ្តាល យើងចេញជាប់ជាប្រចាំ ប៉ុន្តែសំខាន់ឱ្យដឹងថា បងប្អូនជានរណា នៅទីណា ត្រូវការអ្វីខ្លះ” ។

ក្នុងនោះសម្តេចធិបតី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល មានកម្មវិធីគោលនយោបាយ សេដ្ឋកិច្ចជាច្រើន ដើម្បីគាំទ្រទៅដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលរដ្ឋក្រីក្រ ហើយនឹងមានគោលនយោបាយផ្សេងទៀត ទៅថ្ងៃមុខផងដែរ ។

សម្តេចធិបតី មានប្រសាសន៍ថា “ទៅថ្ងៃមុខទៀត យើងអាចចេញគោលនយោបាយអ្វីផ្សេងៗ តែយើងអាចដឹងច្បាស់ ហើយអាចជួយច្បាស់តែម្តង ថានៅខេត្តណាមានប៉ុន្មាន នៅទីណាមានប៉ុន្មាន ហើយយើងត្រូវជួយអ្វី ហើយជាពិសេស នៅក្នុងកាលទេសៈ នៃដំណាក់កាលនៃគ្រោះ​ ដែលមិនបានត្រៀមទុកនេះតែម្តង ព្រោះប្រជាជននៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែទទួលរងគ្រោះហានិភ័យខ្ពស់ជាងគេ ប្រៀបធៀបជាមួយអ្នកដែលមានមូលដ្ឋានរឹងមាំ នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ”៕

To Top