ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នាឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាត លើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា”នាថ្ងៃ១៤ ធ្នូបានលើកឡើងថា សុខភាពភ្នែក គឺជាគោល នយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលទាមទារត្រូវបង្កើន ការអប់រំសុខភាពភ្នែកបន្ថែម។
សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវ មកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។
ទន្ទឹមនឹងនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាល ភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាប្រកប ដោយនវានុវត្តន៍។
ក្នុងឱកាសនោះ សាស្រ្តាចារ្យ បានណែនាំដល់សមាគម ត្រូវជួយគាំទ្រដល់អ្នកជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួលខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត និងភាពច្បាស់លាស់នៃទំហំការងារ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវរួមគ្នាយកចិត្តទុកដាក់ ក្នុងការពង្រឹងការលើកកម្ពស់សុខភាពភ្នែកនៅកម្ពុជា ដោយត្រូវបន្តគោរពនូវក្រមសីលធម៌វិជ្ជាជីវ:គ្រូពេទ្យ និងប្រតិបត្តិតាមការណែនាំបទដ្ឋាន នានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ដោយមិនរើសអើង ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងការទទួលខុសត្រូវ។ បន្តអភិវឌ្ឍន៍បន្ថែមនូវចំណេះដឹង បច្ចេកទេស បទពិសោធថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺ ឱ្យកាន់តែប្រសើរឡើង ទាន់ពេលវេលាស្របតាមការរីកចម្រើន និងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា ក្នុងពិភពលោក។ ជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត ធ្វើបទបង្ហាញ និងបោះពុម្ពផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងអន្តរជាតិ។ ជួយបណ្តុះបណ្តាលជំនាញថ្មីៗ ដែលមិនទាន់មានដល់សមាជិក សមាជិកា ក្នុងការលើកកម្ពស់ការយល់ដឹង តាមរយៈសិក្ខាសាលា បណ្តុះបណ្តាលបន្ត និងការជួយរកអាហារូករណ៍ សម្រាប់សិក្សាជំនាញឯកទេសជាន់ខ្ពស់ទាំងក្នុង និងក្រៅប្រទេស។
ក្នុងនោះត្រូវបន្តផ្សព្វផ្សាយ អប់រំបញ្ហាសុខភាព ភ្នែកឱ្យកាន់តែទូលំទូលាយ ដើម្បីចូលរួមក្នុងការការពារ សុខភាពភ្នែក នៅក្នុងសហគមន៍ និងការស្វែងរកអន្តរាគមន៍ការពិគ្រោះ ព្យាបាលឱ្យទាន់ពេលវេលា និងពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូដែល មានស្រាប់ និងស្វែងរកដៃគូ និងស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេស ក្នុងការបណ្តុះបណ្តាល បន្ថែមផ្នែកវិជ្ជាជីវៈ និងបច្ចេកទេស៕