ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញ ជាអធិបតី ប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួម សរុបប្រមាណ ២ ២៣៤នាក់។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-02-27-1024x682.jpg)
ក្នុងឱកាសនោះលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានជម្រាបជូនអង្គពិធីថា ក្នុងខេត្តស្ទឹងត្រែង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុប ចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះមានខ្នងផ្ទះ ប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និង ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨% ។ លោកបានជម្រាបជូនអង្គពិធីអំពីស្ថានភាពភូមិសាស្ដ្រ និងសមិទ្ធផលរីកចម្រើន ក្នុងខេត្តស្ទឹងត្រែង ។ ជាមួយគ្នានោះតំណាងអង្គការភ្លែនអន្ដរជាតិ បានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការងារប្រតិបត្តិអនាម័យជនបទ ជាពិសេសចូលរួមជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញខេត្តផ្សេងៗទៀត ដែលមិនទាន់បានទទួលការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-02-31-1024x682.jpg)
មានប្រសាសន៍នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់ បន្ទោបង់ពាសវាលពាស កាលនៅទូទាំងខេត្ត នាពេលនេះ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-02-35-1024x682.jpg)
លោករដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅ បានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹង ប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថា មវន្តរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-02-40-1024x682.jpg)
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុង បន្តអនុវត្តផែនការ សកម្មភាពជាតិ ស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបាន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមាន ទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-02-46-1024x682.jpg)
សូមរំលឹកផងដែថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៤ហើយ ដែលសម្រេច បានជារាជធានី ខេត្ត បញ្ចប់ការបន្ទោ បង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-03-03-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-03-08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-03-12-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_11-03-16-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)