ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ដែលត្រូវបានរៀបចំឡើង ដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) ។
គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើកតម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជា ឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «ការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាព សេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍»។