ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កំពុងរៀបចំ សម្អាតផ្ទះ ឱ្យបានស្អាត ត្រៀមចាំទទួលភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុលបង្ហាញ និងណែនាំពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ហើយតាមរយៈយុទ្ធសាស្រ្តចក្រានេះ ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសម្អាតផ្ទះឱ្យបានស្អាត មានអនាម័យ ទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកឡើង បែបនេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុប លទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន ។

លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន “ភាពស្អាត” ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៤ កន្លងមកនេះ បានបើកយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» និងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់ ។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃ ជូនសាធារណៈជនយល់ដឹងជារៀងរាល់ថ្ងៃ។

ក្រសួង បានដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និង ញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្ត ពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនាការ“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី គូសបញ្ជាក់បន្ថែមថា ក្រសួងបានកែលម្អស្ថានីយ៍ គ្រប់គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។
ក្រសួងបរិស្ថាន បានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់ របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ ។

រោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន ១២២កន្លែង ដែលត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់៕

To Top