ភ្នំពេញ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងប្រាប់មន្ដ្រីពន្ធនាគារថា ក្នុងពេលអាកាសធាតុត្រជាក់ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ជាពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_14-14-58-1024x682.jpg)
ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ចាម ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
លោកអគ្គនាយក បានបានធ្វើការសំណេះសំណាល និងមានប្រសាសន៍ណែនាំទៅកាន់ជនជាប់ឃុំដែលជាក្មេងទំនើង ឱ្យមានការកែប្រែធ្វើជា ក្មេងល្អ កូនល្អ សិស្សល្អ ជាពិសេសជាពលរដ្ឋល្អនៅក្នុងសង្គមបន្ទាប់ចេញពីពន្ធនាគារវិញ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_14-15-05-1024x682.jpg)
ឆ្លៀតក្នុងឱកាសនេះ លោក អគ្គនាយក បានលើកសរសើរប្រធានពន្ធនាគារខេត្តកំពង់ចាម អំពីការកសាងហេដ្ឋារចនាសម្ព័ន មានការរីកចម្រើនច្រើនគួរឱ្យគត់សំគាល់ និងផ្តាំផ្ញើរនូវអនុសាសន៍មួយចំនួនដល់មន្រ្តី ត្រូវបន្តយកចិត្តទុកដាក់នូវការងារ ដូចខាងក្រោម៖
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_14-15-09-1024x682.jpg)
-ពង្រឹងក្រមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ
-ត្រូវមានភាពរហ័សរហួនចាត់ចែង អនុវត្ត ឆ្លើយតបការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
-បង្កើតប្រព័ន្ធតាមដានការងារតាមជំនាញ ការរក្សាតម្កល់ទុកឯកសារ និងព័ត៌មានសំខាន់ៗ
-ពង្រឹងរក្សាការសម្ងាត់ ពិសេស ព័ត៌មានផ្ទៃក្នុងពាក់ព័ន្ធដល់សន្តិសុខពន្ធនាគារ និងសន្តិសុខជាតិ
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-16_14-15-01-1024x682.jpg)
-អង្កេតតាមដានមុខសញ្ញាពិសេស ពង្រឹងការងារស៊ើបការណ៍អប់រំ និងក្តាប់ព័ត៌មានឲ្យបានស៊ីជម្រៅ
-ត្រូវមានវិធានការម៉ឺងម៉ាត់ រឹតបន្តឹងពង្រឹងប្រសិទ្ធភាពឆែកឆេររកវត្ថុហាមឃាត់ ជាពិសេសទូរស័ព្ទ និងគ្រឿងញៀន
-ខិតខំស្វែងរកដៃគូ (វិស័យឯកជនខ្នាតតូច ឬមធ្យម) អភិវឌ្ឍការងារសិប្បកម្ម និងកសិកម្មពន្ធនាគារ
-កសាងសមត្ថភាពគ្រូបង្គោលដឹកនាំអនុវត្ត និងបង្កើតគណៈគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈ
-អាកាសធាតុត្រជាក់ ត្រូវមានការប្រុងប្រយ័ត្នបញ្ហាសុខភាព ពិសេស ជំងឺផ្តាសាយដល់ជនជាប់ឃុំ
-បន្តយកចិត្តទុកដាក់ស្ត្រីមានផ្ទៃពោះ កូនតាមម្តាយ រួមទាំងបញ្ហាសុខភាពស្ត្រី និងសម្ភារៈអនាម័យ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)