បរទេស៖ សិក្ខាកាមផ្នែកបច្ចេកទេសជនជាតិខ្មែរ ម្នាក់ នៅថ្ងៃច័ន្ទគឺបានប្តឹងទាមទារសំណងប្រឆាំងនឹង អ្នកគ្រប់គ្រងនៅកសិដ្ឋានស្ត្រប័ររី នៅភាគខាងជើងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយចោទអ្នកគ្រប់គ្រងរូបនោះ ពីបទរំលោភជាច្រើនដងក្នុង រយៈពេលប្រាំខែដែលនាំឱ្យមានផ្ទៃពោះ និង ឈានទៅដល់ការរំលូតកូន។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ២៣ឆ្នាំ កំពុងស្វែងរកការខូចខាតប្រហែល ៨០លានយ៉េន ស្មើនឹងប្រហែល ៥២០.០០០ ដុល្លារ ពីអ្នកគ្រប់គ្រងអាយុ ៥៨ ឆ្នាំ នៅកសិដ្ឋានក្នុងខេត្ត Tochigi , នេះបើយោងតាមពាក្យបណ្តឹង ដែលដាក់ទៅតុលាការក្រុងតូក្យូ។
ស្ត្រីខាងលើដែលបានចាប់ផ្តើម ធ្វើការនៅកសិដ្ឋានក្នុងខែកក្កដា ឆ្នាំ២០២២ អះអាងថា នាងត្រូវបានគេរំលោភផ្លូវភេទដោយអ្នកគ្រប់គ្រង “ស្ទើរតែរៀងរាល់ថ្ងៃ” ចាប់ពីខែធ្នូ ឆ្នាំ ២០២២ ដល់ខែមេសា ឆ្នាំ ២០២៣ ហើយត្រូវបានគំរាមកំហែង ថានឹងបញ្ជូនទៅប្រទេសរបស់នាងវិញ ប្រសិនបើនាងបដិសេធ។
បន្ទាប់ពីដឹងថា នាងមានផ្ទៃពោះ ក្នុងខែមករា ឆ្នាំ ២០២៣ នាងត្រូវបានបង្ខំឱ្យរំលូតកូនដោយមិនមានការ ពន្យល់គ្រប់គ្រាន់ជាភាសាកំណើតរបស់នាង ហើយក៏មានការរំលោភបន្តទៀត សូម្បីតែបន្ទាប់ពីការរំលូតកូនក៏ដោយ។
មេធាវីរបស់នាង ឈ្មោះ Kazuko Ito បាននិយាយថា “វាគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយទាញយកអត្ថប្រយោជន៍ ពីមុខតំណែងដែលងាយរងគ្រោះរបស់សិក្ខាកាម” ដោយកត់សម្គាល់ថា សិក្ខាកាមត្រូវរងបន្ទុកដោយបំណុល ពីការចំណាយដែលកើតឡើង ដើម្បីចូលប្រទេសជប៉ុន ដែលជាស្ថានភាពទូទៅសម្រាប់ អ្នកហាត់ការបច្ចេកទេស។
បុរសនោះបានប្រាប់ Kyodo News កាលពីថ្ងៃអាទិត្យថា ទង្វើផ្លូវភេទនេះគឺមានការព្រមព្រៀងគ្នា ហើយបានបដិសេធថាមិនបានធ្វើការ គំរាមកំហែងណាមួយមកលើនាងឡើយ។
ស្ត្រីរងគ្រោះបានស្វែងរកការការពារ និងត្រូវបានផ្តល់ជម្រកដោយ សហជីពការងារនៅក្នុងខេត្ត Gifu ក្នុងខែមេសា ឆ្នាំ ២០២៣ ហើយក្រោយមកបានបន្តការងារ ជាសិក្ខាកាមនៅក្នុងខេត្តផ្សេងគ្នា ប៉ុន្តែនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺស្ត្រេស តក់ស្លុត ក្រោយប៉ះទង្គិចផ្លូវចិត្តនៅក្នុងខែមិថុនាឆ្នាំនេះ។
ប្រភពស៊ើបអង្កេតមួយបាននិយាយថា នាងបានដាក់ពាក្យប្តឹងទៅប៉ូលីសខេត្ត Tochigi ក្នុងឆ្នាំ ២០២៣ ជុំវិញការចោទប្រកាន់នេះ ហើយករណីនេះត្រូវបានបញ្ជូនទៅ ព្រះរាជអាជ្ញានៅក្នុងខែធ្នូនៃឆ្នាំនោះ។ ទោះជាយ៉ាងណា ប៉ូលិសបានរួមបញ្ចូលមតិណែនាំប្រឆាំងនឹងការចោទប្រកាន់ ដោយលើកឡើងពីភស្តុតាងមិនគ្រប់គ្រាន់។
ស្ត្រីរូបនេះបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ខ្ញុំជឿថា ច្បាប់នៅក្នុងប្រទេសជប៉ុននឹងផ្តល់យុត្តិធម៌ ដល់បុគ្គលដែលមានឋានៈទន់ខ្សោយដូចខ្ញុំ” ។
បន្ថែមលើសពីនេះ ស្ត្រីខ្មែរពីរនាក់ទៀតដែលធ្វើការ នៅចំការផ្លែស្ត្របឺរី អំឡុងពេលជាមួយគ្នានោះ ក៏បានចូលខ្លួនមកប្តឹង អ្នកគ្រប់គ្រងរូបនោះផងដែរ ដោយអះអាងថា ពួកគេត្រូវបានអ្នកគ្រប់គ្រងរូបនោះ ចាប់ថើបសុដន់ និងទះគូទរបស់ពួកគេ។
សិក្ខាកាមទាំងបីនាក់ ក៏បានស្វែងរកការបើកប្រាក់ឈ្នួល ដែលមិនទាន់បានបើកក្នុងបណ្តឹងផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា