ភ្នំពេញ៖ កម្មករនិយោជិត នៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការ របស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រមានភាព ល្អប្រសើរ។ កម្មករនិយោជិត និងថៅកែ មានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ ពេញលេញស្របតាមច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។
លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅ ក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូល បម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវ អ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗ ដោយសន្តិវិធី ដូចគ្រួសារតែមួយ។
ជុំវិញការអនុវត្តច្បាប់វិញ កម្មការិនីរូបនេះមើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវ តាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបាន អត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមាន លក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុមាលភាព របស់បងប្អូនកម្មករនិយោជិតផងដែរ។
ដោយឡែកលោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូល បន្ថែមមួយផ្នែកសម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។ កម្មការិនីរូបនេះ ក៏បានលើកឡើង បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិតមិនថារបបសន្តិសុខសង្គម និងអត្ថប្រយោជន៍ដ៏ទៃទៀតនោះទេ។ កម្មការិនីរូបនេះ អរគុណរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ មកលើសុខទុក្ខរបស់បងប្អូនកម្មករទាំងអស់ តាមរយៈការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូរ ពីសំណាក់ប្រមុខដឹកនាំប្រទេស ត្បិតការដំឡើង ប្រាក់ឈ្នួលមិនឡើងខ្ពស់ពេក តែតួលេខនេះក៏សមរម្យ ហើយរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការដំឡើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ។
ទន្ទឹមនេះ ក្រៅតែពីប្រាក់ឈ្នួលគោល កម្មកររូបនេះបន្ថែមថា រាជរដ្ឋាភិបាលបានគិតគូរជូនកម្មករនិយោជិត ដូចជាលើគោលនយោបាយលើគាំពារសង្គម តាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកសោធននិវត្តន៍ផងដែរ។ គោលនយោបាយនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិត ។
គួរបញ្ជាក់ផងដែរថា ចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត នៃវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបួប គឺ២០៨ដុល្លារអាម៉េរិក ក្នុង១ខែ ដែលកើនឡើង៤ដុល្លារ បើធៀបនឹងឆ្នាំ២០២៤ ដែលមាន២០៤ដុល្លារអាម៉េរិក ៕