ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និង​ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តល់ឱកាសជូនពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នា ជាមួយអាជ្ញាធរ

រូបភាព៖​ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នា ទៅវិញទៅ ជាមួយរដ្ឋបាលារាជធានីភ្នំពេញ ។

លោក ម៉ប់ សារិន បានថ្លែងក្នុងពិធី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌព្រែកព្នៅ ថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការ អភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើ ដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ។

លោក ម៉ប់ សារិន បានគូសបញ្ជាក់ថា “វេទិកានាថ្ងៃនេះ គឺជាការផ្តល់ឱកាស ជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅ រវាងរដ្ឋបាលារាជធានីភ្នំពេញ ជាមួយរដ្ឋបាលខណ្ឌ រដ្ឋបាល- សង្កាត់ ប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្តូរនូវ បទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ប្រកបដោយ ចីរភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាបន្ន”។

គួរឱ្យដឹងថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌព្រែកព្រៅ មានប្រជាពលរដ្ឋ ជាច្រើន បានឡើងពីបញ្ហាដូចជា ស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ជូនពលរដ្ឋចំនួនជាង៩០គ្រួសារ ដោយកាត់ឆ្លៀលដី ចេញអនុក្រឹត្យនៅតំបន់បឹងតាមោក និងចេញប័ណ្ណកម្មសិទ្ធិ ក្នុងក្បាលដីសរុប ព្រោះមន្រ្តីភូមិបាល បានចុះវាស់វែងដីតាំងពីឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៤ មានរយៈពេល៩ខែមកហើយ មិនបានផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

ពលរដ្ឋបានស្នើសុំអាជ្ញាធរមូលដ្ឋាន ជួយពន្លឿនការដាក់លូបង្ហើយឲ្យបានរួចរាល់ , ស្នើសុំឲ្យក្រុមហ៊ុនប្រមូលសំរាម ប្រមូលសំរាម ឲ្យបានទៀងទាត់ តាមវេលាកំណត់ ព្រោះសំរាមច្រើនគទុកចោល ច្រើនថ្ងៃ ហើយ ក្រុមអ្នករើសអេតចាយមកហែកថង់សំរាមរាយប៉ាយ, ស្នើសុំរដ្ឋាករទឹក ធ្វើការផ្លាស់ប្តូរពីឯកជន មករដ្ឋវិញ ព្រោះទឹកឯកជនមានភាពល្អក់កករ ពិបាកក្នុងការប្រើប្រាស់, មេភូមិបានលើកឡើងថា នៅផ្លូវ៤២នាពេលរដូវវស្សាមានទឹកលិច ហើយសុំឲ្យដាក់លូមានមុខកាត់ចាប់ពី១ម៉ែត្រឡើង នៅផ្នែកខាងលិចផ្លូវ ដែលស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង, ប្រជាពលរដ្ឋស្នើសុំឲ្យមន្រ្តីសុរិយោដីធ្វើការងារឲ្យបានគ្រប់៧ថ្ងៃ ក្នុងមួយសប្តាហ៍ ព្រោះពេលប្រជាពលរដ្ឋទៅរកសេវារដ្ឋបាលធ្វើប្លង់កម្មសិទ្ធិដីធ្លី មិនបានជួបមន្រ្តីនោះទេ ព្រោះមន្រ្តីធ្វើការតែ៣-៤ថ្ងៃក្នុងមួយសប្តាហ៍ ។

ឆ្លើយតបនឹងបញ្ហានេះលោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺ ការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ។

លោកស្រី បញ្ជាក់ថា វេទិកាខាងលេីនេះ មានអ្នកចូលរួមចំនួន៥៤៣នាក់ ក្នុងនោះបានលើកឡើង នូវសំណួរ សំណើ និងសំណូមពរ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ និងមានសំណួរ សំណើ និងសំណូមពរផ្ទាល់មាត់ ចំនួន៨នាក់ បានលើកឡើងចំនួន១៦បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន៥៣ច្បាប់។

លោកស្រី បានថ្លែងបន្តទៀតថា “យើងទាំងអស់គ្នាបានរកឃើញ នូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមាន ភាពល្អប្រសើរ៕

To Top