ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ប្រាប់មន្ត្រីនគរបាលថា ពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់

ភ្នំពេញ​៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់មន្ដ្រីនគរបាលថា នៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន។

ក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពិសេសបានគូសបញ្ជាក់អំពីកិច្ចការសំខាន់ៗ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្ដរជាតិ និងបុណ្យជាតិធំៗ នាពេលកន្លងមកដោយទទួលបានជោគជ័យទាំងស្រុង ១០០ភាគរយ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា “រាជធានីភ្នំពេញ ជាចំណុចកណ្ដាលដ៏សំខាន់របស់កម្ពុជា ដូច្នេះការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនអាចធ្វេសប្រហែសបានឡើយ ពោលនៅពេលមានបទល្មើសកើតឡើង ត្រូវបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីចាត់វិធានការតាមច្បាប់ និងឈានដល់ការបង្ក្រាបឲ្យខាងតែបាន”។

នាយឧត្តមសេនីយ៍ ស ថេត បានពញ្ញាក់ស្មារតីដល់កងកម្លាំងនគរបាល ត្រូវបន្ដកិច្ចសហការឲ្យបានជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពួតដៃគ្នារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ពោលការងារនេះមិនអាចធានាទៅបានឡើយ បើមិនមានកិច្ចការល្អពីស្ថាប័នពាក់ព័ន្ធ ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អាវុធហត្ថ និងស្ថាប័នតុលាការ។​ ចំពោះបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង គ្រឿងញៀន និងល្បែងស៉ីសងគ្រប់ប្រភេទ ព្រមទាំងល្បែងអនឡាញវិញ ក៏ត្រូវតែបន្ដពង្រឹងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះបទល្មើសទាំងអស់នេះក៏ជះឥទ្ធិពលមិនល្អកេរ្ដិ៍ឈ្មោះរបស់កម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសទាំងនេះឡើយ ពោលក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែធ្វើជាគំរូដល់ពលរដ្ឋ និងត្រូវតែស្អាតស្អំ៕

To Top