ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរ ជុំវិញវិមាន៧មករា ក្នុងថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ អាជ្ញាធរ នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញវិមាន៧មករា ក្នុងឱកាសគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្ត ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្តរបស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា របស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ធ្នូនេះ បានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ ទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាន នូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី៕

To Top