កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។


ទីក្រុងរណបថ្មី នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ជាប់នឹងរាជធានីភ្នំពេញ គឺពិតជានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងអាចឆ្លើយតប ទៅនឹងតម្រូវការកើនឡើង នៃនគរូបនីយកម្ម សុខុមាលភាពទីក្រុង កំណើនប្រជាជន កំណើន តម្រូវការលំនៅឋាន នៅក្នុង និងក្បែរទីប្រជុំជនមមាញឹក ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្ម និងបំពេញកិច្ចការងារប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ អាចជ្រើសរើសយកទីតាំងលំនៅឋាន នៅក្រុងអរិយក្សត្រ សម្រាប់ការ ស្នាក់នៅ។


ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្លាយខ្លួនជាទីក្រុង ឆ្លាតវៃសម្រាប់ ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត និង ជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅ យ៉ាងសម្បូរបែប ជាមួយទីប្រជុំជន ដែលមានសណ្តាប់ធ្នាប់ល្អ សោភ័ណភាពល្អ បរិយាកាសបរិសុទ្ធ ទន្លេព័ទ្ធជុំវិញ ស្របទៅនឹង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលចង់ឃើញ ត្រើយខាងកើតរាជធានីភ្នំពេញ មានការអភិវឌ្ឍ ស្របនឹងទស្សនវិស័យរបស់ខេត្ត ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៅក្នុងមុំទី៤ បញ្ចកោណយុទ្ធសាស្ត្រទី៤ ដែលផ្តោតលើការពង្រឹងការគ្រប់គ្រង់ និងការធ្វើទំនើបកម្មនគរូបនីយកម្ម តាមរយៈការពង្រីកនិងអភិវឌ្ឍទីក្រុងថ្មីៗ បន្ថែមនៅតាមបណ្តារាជធានី-ខេត្ត សំដៅធានាសុវត្ថិភាព សោភ័ណភាព បរិស្ថានល្អ និងសុខុមាលភាព សម្រាប់ការរស់នៅ និងប្រសិទ្ធភាពក្នុង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមបញ្ជាក់ថា ក្រុងអរិយក្សត្រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២២ ដោយមាន ១១ សង្កាត់ និង ៤២ ភូមិ មានផ្ទៃដីទំហំសរុបចំនួន ១៩៩,៣១ គ.ម២ មានប្រជាជនសរុបចំនួន ៨៦ ៥៣៤ នាក់ និងមានដង់ស៊ីតេប្រជាជន រស់នៅចំនួន ៤៥២ នាក់/គ.ម២៕





















