ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា

កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បរទេសធ្លាប់ឮថា កម្ពុជាមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ។

នាឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ។

សម្តេចបវរធិបតី បន្ដថា ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសកម្ពុជា បានវិវត្តន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុងទិដ្ឋភាព នៃកំណើតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែទាំងការប្រែប្រួលមុខមាត់ សង្គមជាតិទាំងមូលផងដែរ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «កន្លងមកបទេសជាច្រើន បានលឺអំពីប្រទេសកម្ពុជា ភាគច្រើនលឺតែទិដ្ឋភាពនៃសង្គ្រាម របបប្រល័យពូជសាសន៍ ភាពក្រីក្រ ចំការមីនប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្នបរទេស ដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគេតែងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន ភាពស៊ីវិល័យរបស់កម្ពុជា ដែលខុសទាំងស្រុងអ្វី ដែលពួកគេធ្លាប់លឺ។

ជាមួយការរីកចម្រើនរបស់កម្ពុជានោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា បរទេសដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើល ដូចគ្នា ជាមួយនឹងល្បឿនការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា ក្នុងទីក្រុង ឬតាមទីជនបទ៕

To Top