ពោធិ៍សាត់÷ពលរដ្ឋចំនួន ៥៦ គ្រួសារ ដែលរងផលប៉ះពាល់ ក្នុងការអនុវត្តគម្រោង អភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំវាល ស្រុកកណ្តៀង ចាប់ពីចំនុចផ្សារក្បាលហុង រហូតដល់ស្ពានអាកាសផ្លូវវៀង ក្រុងបាននឹងកំពុង ចាប់ផ្តើមរុះរើសំណង់ជាបណ្តើៗ ហើយដែលសំណង់ទាំងនោះ បានសាងសង់លើដី សាធារណះរបស់រដ្ឋ ក្រោយពួកគាត់ ទទួលយកដីឡូតិ៍លំនៅដ្ឋានថ្មី តាមរយះការចាប់ឆ្នោតដែលស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-17_09-22-17-1024x683.jpg)
ការរុះរើនេះត្រូវ បានធ្វើឡើងស្រប តាមសេចក្តី ជូនដំណឹង របស់រដ្ឋបាលស្រុកកណ្ដៀង ស្តីពីការរុះរើសំណង់ បណ្តោះអាសន្នលើដីចំណីផ្លូវកៅស៊ូលេខ ១០១ តាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងលិចក្នុងមូលដ្ឋាន ភូមិក្បាលហុង ភូមិវាល ភូមិពោធិ៍ដំណាក់ និង ភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្ដៀង អោយបានត្រឹមថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៤ ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-17_09-22-20-1024x683.jpg)
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៤-៥ ខែ ធ្នូ ឆ្នាំ ២០២៤ ប្រជាពលរដ្ឋប្រភេទ “ក” និង”ខ”សរុបចំនួន ៥៦ គ្រួសារបានមកចូល រួមចាប់ឆ្នោតទទួលយកដីឡូតិ៍លំនៅដ្ឋានថ្មីជាការដោះដូរគោលនយោបាយនៅទីតាំងដីឡូតិ៍ដែលស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-17_09-22-24-1024x683.jpg)
ការដោះដូរនេះ គឺដើម្បីយកដីសាធារណះ របស់រដ្ឋដែលពួកគាត់ បានកាន់កាប់ប្រើប្រាស់ អាស្រ័យផល មកធ្វើការអភិវឌ្ឍន៍ ជាច្រាំងស្ទឹង មានសួនច្បារ មានកន្លែងហាត់ប្រាណ មានកន្លែងស្រស់ស្រូបយកខ្យល់អាកាស មានដាក់ទូរទស្សន៍ LED នឹងអាចរៀបចំកន្លែងលក់ដូរ អោយមានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បូករួមទាំងអនាម័យបរិស្ថានផងដែរ។
សម្រាប់ទីតាំងដីថ្មីដែលត្រូវដោះដូរជូនពួកគាត់ទាំង ៥៦ គ្រួសារនោះ ត្រូវបានរដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំអោយមានផ្លូវ ទឹក ភ្លើង និង ប្រព័ន្ធលូគ្រប់គ្រាន់ ជាពិសេសមានប្លង់កម្មសិទ្ធិស្របច្បាប់តកូនតចៅ និង នៅក្បែរទីប្រជុំទៀតផង៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)