កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវសុទិដ្ឋិនិយមថា តំបន់អរិយ៍ក្សត្រ នឹងក្លាយជាតំបន់ដែលមានសក្តានុពលខ្ពស់ ប្រៀបដូចទៅនឹង រាជធានីភ្នំពេញដែរ ខណៈសម្តេចថា ឱ្យតែមានការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកាន់តែរីកចម្រើន ហើយក្រុងអរិយ៍ក្សត្រ នឹងក្លាយជាទីក្រុងទំនើបស៊ីវីល័យ។
ថ្លែងក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី (Mekong Quay City) របស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិតបី បានកត់សម្គាល់អំពីបទពិសោធន៍ នៅតាមបណ្តាប្រទេសជាច្រើន ដែលមានការីកចម្រើន ពីត្រើយម្ខាងនៃទន្លេ ពោលខាងលិចទន្លេ បន្តមកដល់ត្រើយម្ចាងទៀត គឺទិសខាងកើតនៃទ្លេ ពោលដូចជាប្រទេសកូរ៉េ ក៏ដូចជាប្រទេសថៃជាដើម ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ចឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យតំបន់ទិសខាងកើត យើងរីកពីទិសខាងលិច ខាងកើត ពីមុនសង្គ្រាម យើងរីកនៅទិស ខាងលិចមុន ឥឡូវរាជធានីភ្នំពេញ យើងរីកនៅទិស ខាងលិចនៃទន្លេសាប យើងមើលបទពិសោធន៍ ហើយជាក់ស្តែងនៅបណ្តាប្រទេសជាច្រើន ខ្ញុំមើលតែនៅកូរ៉េ (កូរ៉េខាងត្បូង) ទន្លេហាន ពីមុនគាត់រីកនៅទិសខាងលិច ដល់ក្រោយមកក៏ចាប់ផ្តើមរីក ទៅទិសខាងកើតដូចគ្នា យូរទៅវាងសឹងស៊ីម៉ីទ្រីគ្នា ។ នៅបាំងកក ទន្លេចៅប្រាយ៉ា ពីឆ្វេង ខាងលិចខាងកើតដូចគ្នា” ។
ក្នុងនោះសម្តេចធិបតី មានសុទិដ្ឋិនិយមថា ក្រុងអរិយ៍ក្សត្រ មិនមែនជាក្រុងកសិកម្មទេ ប៉ុន្តែនឹងក្លាយទៅជាក្រុងឧស្សាហកម្ម ក្រុងសេវាកម្ម ដូចរាជធានីភ្នំពេញដែរ ។
សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំមានសុទិដ្ឋិនិយមថា ខាងកើតទន្លេនៃអរិយ៍ក្សត្រនេះ មិនយូរមិនឆាប់ នឹងក្លាយទៅជាតំបន់សក្តានុពល និង មានដូចខាងនោះ (សម្តេចចង្អុលទៅរាជធានីភ្នំពេញ) នឹងកើតមាននៅទិស ខាងអរិយ៍ក្សត្រនេះដែរ” ។
សម្តចធិបតី បន្ថែមថា “ចឹងនៅខាងត្រើយខាងលិច សុទ្ធតែអាគារ មើលនៅលើត្រើយខាងកើត ដែលតភ្ជាប់ដោយ ស្ពានជ្រោយចង្វារ នៅខាងព្រែកលាភ ខាងអីនោះ ក៏អាគារអីធំចាប់ផ្តើមរីកទៅដល់ព្រែកព្នៅ តែនៅខាងអរិយ៍ក្សត្ររបស់យើងនៅជាវាលស្រែច្រើន ហើយខ្ញុំថា ការតភ្ជាប់ទៅថ្ងៃមុខ គឺនឹងឈានទៅដល់ការបង្កើត មិនមែនមានតែឈ្មោះថា ក្រុងអរិយ៍ក្សត្រទេ មិនមែនជាក្រុងកសិកម្មទេ ប៉ុន្តែទៅជាក្រុងឧស្សាហកម្ម ក្រុងសេវាកម្ម ដូចនៅម្ខាងទៀតដែរ (សម្តេចចង្អុលទៅទីក្រុងភ្នំពេញ) នេះគឺជាអ្វីដែលសំខាន់” ។
ក្នុងនោះសម្តេចធិបតីជឿថា នឹងមានការប្រែប្រួលដល់ជីវភាព រស់នៅប្រជាពលរដ្ឋ ដែលនៅក្រុងអរិយ៍ក្សត្រផងដែរ ។
សម្តេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា “ប្រជាជននៅទីនេះ ដែលឥឡូវជាច្រើនជាកសិករ និងប្រែលក្លាយរោងចក្រសហគ្រាស ទីក្រុងហេដ្ឋារចនាសម្ព័ន្ធទំនើប ប្រជាពលរដ្ឋ នឹងមករស់នៅទីនេះ ហើយនេះគឺជាអ្វីដែលជាសុទិដ្ឋិនិយមដែលខ្ញុំគិតថា នឹងកើតមាននៅទីនេះ” ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឱ្យកត់ចំណាំថា មិនយូរមិនឆាប់ ចន្លោះពី៥ ទៅ១០ឆ្នាំខាងមុខ ក្រុងអរិយ៍ក្សត្រ ដែលបច្ចុប្បន្ននេះគឺវាល អត់មានសកម្មភាពសេដ្ឋកិច្ចអ្វី ក្រៅពីស្មៅដុះ នឹងមានការប្រែប្រួលច្រើន កន្លែងដែលនៅទីនេះ មានតែស្មៅដុះ បន្តិចទៀតនឹងដុះនូវសកម្មភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋជាច្រើន និងបានទទួលនូវការងារ និងរស់នៅទីនេះ៕