ព័ត៌មានជាតិ

អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តរួមចំណែកពង្រឹង និងពង្រីកកិច្ចសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងថែរក្សា តំបន់បេតិកភណ្ឌ

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ គណៈប្រតិភូ នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាឱ្យបាន នូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ ។

នេះជាការប្តេជ្ញារបស់គណៈប្រតិភូ អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលដឹកនាំដោយសហប្រធាន​ជប៉ុន​ តំណាងដោយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​និង​សហប្រធាន​បារាំង​ តំណាង​ដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា​,​ លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ, អ្នកជំនាញ​ការ​ និងតំណាងដៃគូអន្តរជាតិ ក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។

នៅក្នុងជំនួបនេះ គណៈប្រតិភូបានគោរពរាយកាណ៍ជូនសម្ដេចធិបតី អំពីលទ្ធផលនៃកិច្ចប្រជុំនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបានគោរពជម្រាបជូននូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅក្នុងការរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ​ ព្រមទាំងការចូលរួមចំណែក របស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា​ ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទ។

ក្នុងនោះគណៈប្រតិភូ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ព​ស់ នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សា តំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។

ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យ នៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌជាច្រើនរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិ នៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះភាពជោគជ័យ នៃកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក កាលពីថ្មីៗនេះ។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមទាំងអង្គការយូណេស្កូ ក៏ដូចជាដៃគូអន្តរជាតិទាំងអស់ ជាពិសេសប្រទេសបារាំង និងជប៉ុនចំពោះការផ្ដល់ការគាំទ្រឥតងាករេ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌ និងជាតម្លៃលេចធ្លោជាសកលរបស់មនុស្សជាតិ។

បន្ថែមលើនេះ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ដែលបានបន្តអាណត្តិនៃយន្តការអង្គរ/សំបូរព្រៃគុក សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត ដើម្បីធានានូវការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា យន្តការនេះពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលបញ្ហាប្រឈមនៅតែបន្តមាន​ និងមានភាពស្មុគស្មាញ រួមមានជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន ដែលសុទ្ធសឹងតែទាមទារនូវកិច្ចសហប្រតិបត្តិការមួយដែលធានាឱ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្ស។

សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូដែលបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តនៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីមានជំនឿ​ថា​ តាមរយៈនៃការប្ដេជ្ញាចិត្ត និងភាពជាដៃគូនេះ សមិទ្ធផល​ជាច្រើន​នឹងសម្រេចបានកាន់តែល្អប្រសើរ ដើម្បីធានាទៅដល់ការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក សម្រាប់មនុស្សជាតិជំនាន់ក្រោយ។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីក៏បានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក, អង្គការយូណេស្កូ, និងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលើការសម្របសម្រួល​ដល់ការ​បញ្ជូន​ត្រឡប់នូវវ​ត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ, ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ៕

To Top