ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលយកការអញ្ជើញពីទូតអ៊ុយក្រែន ដើម្បីបំពេញទស្សនកិច្ច នៅអ៊យក្រែន នាពេលខាងមុខនេះ ។
ការអញ្ជើញទទួលយកសំណើ របស់សម្តេចតេជោនេះ ក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក អូឡេកសាន់ឌឺ ហ្កាម៉ាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសមនាព្រឹកថ្ងៃ១៧ ធ្នូ។
បើតាមហ្វេសប៊ុកសម្តេចតេជោ បង្ហាញពីខ្លឹមសារដែល លោកទូតបានពាំនាំការអញ្ជើញ របស់លោក ហ្សេលេនស្គី ប្រធានាធិបតី និងប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះ សម្តេចតេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែន កាលពីឆ្នាំ១៩៨១ ។
ជាការឆ្លើយតបសម្តេចបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១ ។
ជាថ្មីម្តងទៀត លោកOleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចតេជោ នាពេលខាងមុខនៅអ៊ុយក្រែន។
ជាមួយគ្នានេះ សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះ សោកនាដកម្ម និងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមដែលបានកើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជាស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”៕