ភ្នំពេញ ៖ លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញបានលើកឡើងថា ការចូលចតរបស់នាវាចម្បាំង អាមេរិកនៅកម្ពុជារយៈពេល៥ថ្ងៃ សបញ្ជាក់ឲ្យឃើញពីទំនាក់ទំនង រវាងប្រទេសទាំង២កាន់តែល្អស្ទើរគ្រប់វិស័យ ។
នេះជាការលើកឡើង របស់លោកស្រីនាឱកាស សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃ១៧ធ្នូ។

នាឱកាសនេះ លោកស្រី បានជម្រាបសម្តេចតេជោ ថា ក្រោយដំណើរទស្សនកិច្ចរបស់លោកLloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា និងវត្តមាននៃនាវាចម្បាំង សហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជា នៅក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ សបញ្ជាក់ឲ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។

ជាមួយនឹងវត្តមានរបស់លោកស្រីនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំកម្ពុជានាពេលជំនួបនេះ លោកស្រីសង្ឃឹម និងចង់ឃើញទំនាក់ទំនង ប្រទេសយើងទាំងពីរ កាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើង នៅក្នុងសារអបអរសាទររបស់ សម្តេចតេជោ ផ្ញើជូនលោកដូណាល់ ត្រាំ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកស្រី Bridgette L. Walker និងបានគូសបញ្ជាក់ថា សម្តេចពិតជាទទួលស្គាល់ថា ប្រទេសទាំងពីរ មានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត ។

សម្តេចតេជោបន្តថា វត្តមាននាវាចម្បាំង សហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការ កងទ័ពកម្ពុជាបានទៅប្រជុំ នៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្តបន្ថែមលើ កិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។

ជាមួយនឹងការវិលត្រឡប់ នៃរដ្ឋបាលលោក ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
សម្តេចតេជោ បានលើកឡើងថា រឿងចាស់គឺជាបទពិសោធន៍ ក្នុងការរៀបចំឥរិយាបថ សម្រាប់ទំនាក់ទំនង នៃអនាគតរបស់ប្រទេសទាំងពីរ ជាពិសេសក្នុងការកសាងទំនុកចិត្ត រវាងប្រទេសទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ច និងការវិនិយោគផងដែរ។

ព្រមជាមួយគ្នានេះ លោកស្រីបានសម្តែងក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។ លោកស្រី ចង់ឃើញទំនាក់ទំនង នៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែល នេះ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ៕
