ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង សម្រាប់កម្មវិធីចំនួនប្រាំ។
បញ្ចូលទាំងកម្មវិធីមួយបន្ថែមទៀត ដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារ។
កម្មវិធីទាំង៥នេះ ដោយផ្តោតលើការពង្រឹងវិស័យអប់រំមធ្យមសិក្សា, ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV), ការជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង, ការគាំទ្រការគ្រប់គ្រងធនធានទឹករួម និងការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយ បរិយាបន្ននៅកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ នៅក្នុងពិធីផ្លូវការមួយ នៅរាជធានីភ្នំពេញ។
លោកស្រី Varma នាយិកា បានថ្លែងថា «ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ភាពជាដៃគូរវាង ADB ជាមួយកម្ពុជា ជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។ ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និង ការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង»។
ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញបរិយាកាសអំណោយ ផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ ADB នៅតែប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមានដែលជាអត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា៕